មីយ៉ាន់ម៉ា៖ មេបញ្ជាការកងពលតូចទាហានឆ័ត្រយោងនៃរបបសឹកមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ៍ត្រី Thura Wunna Lwin រួមទាំងអនុប្រធានរបស់លោក រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបាញ់ប្រហារគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា និងកម្លាំងតស៊ូជនជាតិភាគតិចភាគខាងជើង កំពុងបន្តកើតមានឡើងយ៉ាងខ្លាំងក្លានៅក្នុងស្រុក Shwegu នៃរដ្ឋកាឈីន (Kachin)។
លោកវរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈីន (KIA) បានគូសបញ្ជាក់ថា បច្ចុប្បន្នកងទ័ពរបបសឹកកំពុងប្រមូលផ្តុំកម្លាំងនៅជុំវិញតំបន់ Shwegu ដើម្បីព្យាយាមគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ក្នុងគោលបំណងការពារសុវត្ថិភាពដល់កប៉ាល់ដឹកជញ្ជូនកងទ័ពជំនួយ និងស្បៀងអាហារតាមដងទន្លេឥរ៉ាវ៉ាឌី (Irrawaddy)។
អ្នកវិភាគយោធាកត់សម្គាល់ថា ការរុលទៅមុខរបស់កងទ័ពរបបសឹកនឹងជួបការលំបាក និងយឺតយ៉ាវខ្លាំង ដោយសារតែផ្លូវខាងមុខជាតំបន់ព្រៃក្រាស់ ដែលងាយប្រឈមនឹងការវាយឆ្មក់។ របបសឹកភូមាបានព្យាយាមរុលទៅមុខសំដៅទៅកាន់ទីក្រុងយុទ្ធសាស្ត្រ Bhamo ក្រោមការគាំទ្រពីការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ ប៉ុន្តែត្រូវជួបការវាយបកយ៉ាងចាស់ដៃពីក្រុមប្រឆាំង។
គួររំលឹកថា ចាប់តាំងពីដើមខែឧសភាមក របបសឹកបានពង្រាយកម្លាំងប្រមាណ ៥០០ នាក់ ដោយបំបែកចេញជាបីកងជួរដើម្បីវាយលុកទៅទិសខាងជើង។ ប្រភពពីក្រុមប្រឆាំងបានប៉ាន់ប្រមាណថា ទាហានរបបសឹកប្រហែល ១០០ នាក់បានស្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។ ទោះបីជាកងទ័ព KIA និងសម្ព័ន្ធមិត្តបានបើកការវាយបក និងដណ្តើមបានប៉ុស្តិ៍យោធាមួយចំនួនមកវិញក៏ដោយ ប៉ុន្តែទីប្រជុំជន Shwegu នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់របបសឹកនៅឡើយ ដែលធ្វើឱ្យខាង KIA ចេញព្រមានដល់ប្រជាពលរដ្ឋឱ្យជម្លៀសខ្លួនជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ពីការផ្ទុះអាវុធធំៗនាពេលខាងមុខ៕