ស្វីស៖ អ្នកសម្របសម្រួលក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ីរ៉ង់-អាម៉េរិក បានគូសបញ្ជាក់ថាកិច្ចចរចាជុំទីមួយរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅប្រទេសស្វីសបានបញ្ចប់នៅថ្ងៃចន្ទនេះបន្ទាប់ពីមានភាពតានតឹងផ្ទុះឡើងពីអ៊ីរ៉ង់ដែលប្រកាសបិទច្រកសមុទ្រ ហ័រមូស និងពីសារគំរាមរបស់លោក ត្រាំ ពីការវាយប្រហារលើអ៊ីរ៉ង់ជាថ្មីម្តងទៀត។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយពីប្រទេសសម្របសម្រួលគឺប្រទេសកាតា និងប៉ាគីស្ថានបានអះអាងថា សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ ថ្ងៃ និងស្វែងរកការចរចាជុំបន្ទាប់ជាមួយគ្នា។
បើតាមសេចក្តីថ្លែងការណ៍រួមភាគីទាំងពីរបានយល់ព្រមលើយន្តការមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងបានបើកខ្សែទំនាក់ទំនងដើម្បីជួយធានាបាននូវផ្លូវឆ្លងកាត់ដែលមានសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូស។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសរបស់លោកបានទទួលការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិដែលបានបង្កកមួយចំនួន និងការចាប់ផ្តើមផែនការកសាងឡើងវិញ និងអភិវឌ្ឍន៍សម្រាប់អ៊ីរ៉ង់។
គួរកត់សម្គាល់ថាតម្លៃប្រេងបានធ្លាក់ចុះក្នុងរយៈពេលមួយសប្តាហ៍កន្លងមកដល់កម្រិតដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួម ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះបន្ថែមទៀត ដោយធ្លាក់ចុះជាង ១ ដុល្លារមកនៅត្រឹម ៧៩,៤៤ ដុល្លារក្នុងមួយបារ៉ែល៕