សេអ៊ូល៖ លោកស្រី Han Seong-sook បេក្ខជននាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងជារដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅថ្ងៃច័ន្ទនេះ បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីប្រព័ន្ធសុវត្ថិភាពនៃគេហទំព័រកម្មវិធីអាជីវកម្មថ្មី "Startup for All" របស់រដ្ឋាភិបាល បានជួបប្រទះភាពចន្លោះប្រហោង។ ការណ៍នេះបានបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យា AI ដែលជាដៃគូគម្រោងមួយ អាចលួចប្រមូលទិន្នន័យផ្ទាល់ខ្លួន រួមមាន៖ អ៊ីមែល គំនិតអាជីវកម្ម និងលទ្ធផលវាយតម្លៃរបស់បេក្ខជនប្រមាណ ៥,០០០ នាក់ ដែលបានជាប់វគ្គជម្រុះដំបូង យកទៅប្រើប្រាស់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឱ្យដឹងថា ក្រសួងរបស់លោកស្រីក៏កំពុងរងការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការរាយការណ៍ពីករណីនេះទៅកាន់ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតកូរ៉េ (KISA) មានភាពយឺតយ៉ាវរហូតដល់ទៅ ៧០ ម៉ោង ក្រោយពេលដឹងរឿងហេតុ។
ជាការឆ្លើយតប លោកស្រី Han បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងបានប្ដេជ្ញាចិត្តថានឹងរឹតបន្តឹងប្រព័ន្ធសុវត្ថិភាពឱ្យបានហ្មត់ចត់បំផុត ដើម្បីការពារកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងទៀត ព្រមទាំងធានាថាមិនឱ្យប៉ះពាល់ដល់ស្មារតី និងការជឿជាក់របស់សហគ្រិនវ័យក្មេងឡើយ។
គួរបញ្ជាក់ថា កម្មវិធី "Startup for All" នេះ ត្រូវបានបង្កើតឡើងដើម្បីស្វែងរក និងគាំទ្រដល់សហគ្រិនឆ្នើមៗកូរ៉េ ព្រមទាំងផ្តល់ប្រាក់រង្វាន់គាំទ្រអាជីវកម្មរហូតដល់ ១ ប៊ីលីយោនវ៉ុន (ប្រមាណ ៦៥៤,៥០០ ដុល្លារអាម៉េរិក) សម្រាប់អ្នកឈ្នះចុងក្រោយ៕