អូស្ត្រាលី៖ ក្រសួងកសិកម្មអូស្ត្រាលីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបញ្ជាក់ថា វីរុសផ្តាសាយបក្សីប្រភេទ H5N1 ដែលជាវីរុសឆ្លងរាលដាលយ៉ាងខ្លាំង បានហក់មកដល់ដែនដីគោកនៃប្រទេសអូស្ត្រាលីជាលើកដំបូងបង្អស់។ ការរកឃើញនេះមានន័យថា មេរោគដ៏កាចសាហាវមួយនេះបានវាយលុកគ្របដណ្តប់គ្រប់ទ្វីបទាំងអស់នៅលើសកលលោកហើយ ខណៈពីមុនមក អូស្ត្រាលីជាទ្វីបតែមួយគត់ដែលមិនទាន់មានវត្តមានវីរុស H5N1 ឡើយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី Julie Collins បានថ្លែងថា ករណីដំបូងបង្អស់នេះ ត្រូវបានរកឃើញលើសត្វបក្សីសមុទ្របម្លាស់ទីមួយក្បាល ប្រភេទ Brown Skua នៅតំបន់ដាច់ស្រយាលមួយក្នុងរដ្ឋអូស្ត្រាលីខាងលិច (Western Australia)។ បក្សីដែលរងគ្រោះត្រូវបានគេប្រទះឃើញនៅលើឆ្នេរខ្សាច់នៃឧទ្យានជាតិ Cape Le Grand ជិតទីក្រុង Esperance ដែលមានចម្ងាយប្រមាណ ៧០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Perth។
លោកស្រី Julie បានគូសបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលី ក៏កំពុងសង្ស័យលើករណីទីពីរ ដែលកើតឡើងលើសត្វបក្សីសមុទ្រមួយក្បាលទៀត (Southern Petrel) ដែលត្រូវបានគេប្រទះឃើញក្នុងស្ថានភាពល្វើយខ្លាំងនៅលើឆ្នេរដដែល។
ជាការឆ្លើយតប មន្ត្រីសុខាភិបាលសត្វ និងអាជ្ញាធរពាក់ព័ន្ធបានប្រកាសបើកកិច្ចប្រជុំបន្ទាន់ភ្លាមៗ ដើម្បីតាមដាន និងវាយតម្លៃថាតើវីរុសនេះបានឆ្លងចូលទៅក្នុងក្រុមសត្វដទៃទៀតនៅក្នុងប្រទេសហើយ ឬនៅ។ តាមការកត់សម្គាល់ វីរុសប្រភេទនេះអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមហ្វូងបក្សីស្រុក និងបក្សីព្រៃ ប៉ុន្តែករណីឆ្លងមកមនុស្សនៅមានកម្រិតតិចតួចនៅឡើយ។
គួររំលឹកផងដែរថា វីរុសទម្រង់ H5N1 នេះ ធ្លាប់ត្រូវបានរកឃើញនៅលើដែនដីកោះដាច់ស្រយាល Heard និង McDonald របស់អូស្ត្រាលី ក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង កាលពីខែតុលាឆ្នាំមុន។ យោងតាមការសិក្សាមួយចេញផ្សាយនាពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា កូនភេ (Baby Seals) ប្រមាណ ១៣,០០០ ក្បាល ក្នុងចំណោមសរុប ១៧,០០០ ក្បាលនៅលើកោះ Heard បានងាប់ដោយសារវីរុសនេះ ចាប់តាំងពីខែសីហាឆ្នាំមុន ស្មើនឹងជាង ៧៥ ភាគរយនៃក្រុមសរុប រួមទាំងការកើនឡើងនៃអត្រាងាប់របស់សត្វផេនឃ្វីន (Penguins)។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាបណ្តាលមកពីបក្សីបម្លាស់ទីនាំមេរោគមកពីកោះ Crozet របស់បារាំង ដែលមានចម្ងាយប្រហែល ១,៨០០ គីឡូម៉ែត្រ៕