អាម៉េរិក៖ ប្រធានក្រុមប្រឹក្សាសន្តិភាពលោក ដូណាល់ត្រាំ បានគំរាមទម្លាក់គ្រាប់ជាថ្មីម្តងទៀតលើអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់នៅតែបន្តគាំទ្រក្រុមហេសបូឡាដែលកំពុងតែមានវត្តមានក្នុងប្រទេសលីបង់ លោកត្រាំបានរៀបរាប់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ភ្លាមៗនូវការផ្តល់ការគាំទ្រ និងផ្តល់ប្រាក់ខែខ្ពស់ៗទៅកាន់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ដែលបង្កឲ្យមានបញ្ហាជាច្រើន លោកត្រាំថាបើអ៊ីរ៉ង់មិនធ្វើទេ អាម៉េរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងម្តងទៀត។ ការព្រមានរបស់លោកត្រាំនេះកើតឡើងចំពេលដែលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់កំពុងតែធ្វើឡើងក្នុងប្រទេសស្វីស។
ក្នុងជំនួបកិច្ចប្រជុំសន្តិភាពក្នុងប្រទេសស្វីសកាលពីថ្ងៃអាទិត្យអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក JD Vance បានថ្លែងថាមានឱកាសមួយដើម្បី «បើកទំព័រថ្មី» ជាមួយអ៊ីរ៉ង់ជាថ្មី។ លោក Vance និងអ្នកចរចាអាម៉េរិកបានជួបជាមួយប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅឯរមណីយដ្ឋានភ្នំស្វីសមួយក្បែរបឹង Lucerne។ អ្នកសម្របសម្រួលមកពីប្រទេសប៉ាគីស្ថាន និងកាតាក៏មានវត្តមានសម្រាប់ការចូលរួមដោយផ្ទាល់ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថាកិច្ចប្រជុំ មានរយៈពេលប្រហែល ៨០ នាទី ផ្លែផ្កានៃកិច្ចប្រជុំទាំងស្រុងនៅមិនទាន់ត្រូវបានលម្អិតនៅឡើយនោះទេ។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានប្រកាសតាមបណ្តាញសង្គម X ថា អ៊ីរ៉ង់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះសេចក្តីថ្លែងការណ៍របស់អាម៉េរិក។ លោកថា កងកម្លាំងប្រដាប់អាវុធរបស់យើងត្រៀមខ្លួនឆ្លើយតបទៅនឹងពួកគេតាមរបៀបផ្សេងៗដែលអាចកើតមានឡើង។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានអះអាងថាកិច្ចចរចាបានចូលដល់ "ដំណាក់កាលលំបាក" ហើយបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីការគំរាមគំហែងពីលោក ដូណាល់ត្រាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ទៀតថា គណៈប្រតិភូអ៊ីរ៉ង់បានជួបជាមួយអ្នកសម្របសម្រួលកាតា ហើយបានចាកចេញពីកន្លែងចរចាភ្លាមៗ៕