Img 1426
Swift cc time

កម្មករថៃ ២នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយសារផ្ទាំងថ្មបាក់សង្កត់ក្នុងការដ្ឋាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឈៀងរ៉ាយ៖ កម្មករជនជាតិថៃ ចំនួនពីរនាក់បានបាត់បង់ជីវិត និងពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ពីកម្ទេចថ្មបាក់រលំនៅក្នុងការដ្ឋានសាងសង់ផ្លូវទម្លុះភ្នំ Doi Luang ស្ថិតក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃ កាលពីល្ងាចថ្ងៃ១៩មិថុនា។

យោងតាមការចុះផ្សាយរបស់កាសែតខាវស៊ត សមត្ថកិច្ចថៃនិងវិស្វករគម្រោងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរធ្វើការនៅលើជើងទម្រសាងសង់ ខាងក្នុងផ្លូវទម្លុះភ្នំ ដើម្បីខួងដំឡើងដែកទប់ជញ្ជាំង ស្រាប់តែ ពេលនោះ មានផ្ទាំងថ្មធំៗបាក់ធ្លាក់ចុះមកសង្កត់លើពួកគេតែម្តង។

ក្រុមវិស្វករថៃបានពន្យល់ថា ការខួងទម្លុះភ្នំនេះត្រូវបានបញ្ចប់តាំងពីឆ្នាំ២០២៥ មកម្ល៉េះ ប៉ុន្តែដោយសារការទទួលរងទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាកាលពីឆ្នាំកន្លងទៅ អាចជាមូលហេតុធ្វើឱ្យស្រទាប់ដី និងថ្មនៅផ្នែកខ្លះដែលមិនទាន់បានពង្រឹងរចនាសម្ព័ន្ធការពារពេញលេញ ជួបភាពទន់ជ្រាយ និងចុះខ្សោយ។ ក្រុមការងារបច្ចេកទេសបានអះអាងថា ចំពោះផ្នែកណាដែលបានដំឡើងប្រព័ន្ធការពាររួចរាល់ គឺមិនប្រឈមនឹងហានិភ័យឡើយ។

ភ្លាមៗបន្ទាប់ពីកើតហេតុ អភិបាលខេត្តឈៀងរ៉ាយ លោក Chuchip Pongchai បានចេញបញ្ជាឱ្យផ្អាកការដ្ឋានជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃលើប្រព័ន្ធសុវត្ថិភាព និងត្រួតពិនិត្យផ្នែកភូគព្ភសាស្ត្រឱ្យបានម៉ឺងម៉ាត់ មុននឹងអនុញ្ញាតឱ្យដំណើរការសាងសង់ឡើងវិញ។

គួរបញ្ជាក់ថា ផ្លូវទម្លុះភ្នំមួយនេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ខ្សែផ្លូវដែកតភ្ជាប់ពី ស្រុក ដែនឆៃ (ខេត្តភែ) កាត់ខេត្ត ឈៀងរ៉ាយ ទៅកាន់ស្រុក ឈៀងខុង ទល់មុខក្រុងហួយសាយ ប្រទេសឡាវ ៕

Khcct banner

អត្ថបទទាក់ទង