
ចិន៖ មន្ត្រីជាន់ខ្ពស់ចិនបានកោតសរសើរចំពោះកិច្ចព្រមព្រៀងវិនិយោគដែលបានបោះត្រា ដោយប្រទេសចិននិងសហភាពអ៊ឺរ៉ុបកាលពីថ្ងៃពុធ ដោយនិយាយថា កិច្ចព្រមព្រៀងនេះមានតុល្យភាពកម្រិតខ្ពស់និងមានផលប្រយោជន៍ទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញអស់រយៈពេល ៧ ឆ្នាំនិងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងចិន - អឺរ៉ុបចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតគម្រប់ ១៩ ។
លោកLi Chenggang ជំនួយការរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនមានប្រសាសន៍ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងវិនិយោគប្រកបដោយតុល្យភាពកម្រិតខ្ពស់និងមានផលប្រយោជន៍ទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះ គឺល្អសម្រាប់ប្រទេសចិននិងសហគមន៍អ៊ឺរ៉ុប និងសម្រាប់ពិភពលោកទាំងមូលផងដែរ។
លោកលីបានមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីការគាំទ្ររបស់ភាគីទាំងពីរក្នុងការជំរុញសកលភាវូបនីយកម្មនិងលើកកម្ពស់ពហុភាគីនិយម។ ដោយកិច្ចព្រមព្រៀងនេះផងដែរ មានគោលបំណងដើម្បីពង្រឹងស្ថាប័នរបស់ចិន ឲ្យកាន់តែប្រសើរថែមទៀត ដោយប្រកាន់ខ្ជាប់នូវច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល។
ទាំងប្រទេសចិននិងសហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់លើការចូលទៅកាន់ទីផ្សារនិងច្បាប់ ដែលមានតុល្យភាពនិងគ្រប់ជ្រុងជ្រោយនៅក្នុងការប្រកួតប្រជែងដោយយុត្តិធម៌។ ហើយជាលើកដំបូងនៃកិច្ចព្រមព្រៀងនេះ បង្ហាញពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹងជួយប្រទេសចិនបើកចំហដល់ពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយ។
កិច្ចព្រមព្រៀងនេះបានដោះស្រាយបញ្ហានៃការចូលទៅកាន់ទីផ្សារឆ្លងកាត់តំបន់សំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់រួមមាន យានយន្តថាមពលស្អាតរបស់សហភាពអឺរ៉ុប សេវាហិរញ្ញវត្ថុ សុខភាព ឧស្សាហកម្មផលិតកម្ម និងថាមពលរបស់ប្រទេសចិន ដូច្នេះកិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ការវិនិយោគទ្វេភាគី ហើយបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាសមកពីភាគីទាំងពីរ៕