កាហ្សាន៖ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅក្រៅកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម លោក ឡេ មិញហ៊ុង (Le Minh Hung) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាពន្លឿនការចរចា ដើម្បីឈានទៅចាប់ផ្តើមការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ «និញធួន ១» (Ninh Thuan 1) ក្នុងពេលឆាប់ៗខាងមុខ ដែលមានមូលដ្ឋាននៅវៀតណាម។នេះបើតាមការចេញផ្សាយរបស់កាសែតVN Express។
នៅក្នុងជំនួបនោះ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដោយចាត់ទុកជាដៃគូដ៏សំខាន់បំផុតមួយ ជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីនៅក្នុងតំបន់ និងជាស្ពានចម្លងដ៏សំខាន់ទៅកាន់អាស៊ាន។ ទន្ទឹមនឹងនេះ លោក ពូទីន បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់វៀតណាមនឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុករុស្ស៊ីជាអាទិភាពឈានមុខគេមួយ នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
ក្រៅពីកិច្ចប្រជុំលើវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការប្រេងកាត ព្រមទាំងបន្តរក្សាវិស័យការពារជាតិ និងសន្តិសុខសាយប័រជាសសរស្តម្ភយុទ្ធសាស្ត្រ។
ភាគីទាំងពីរបានប្តេជ្ញាដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានដល់ ១៥ ប៊ីលីយូនដុល្លារ (១៥,០០០ លានដុល្លារ) តាមរយៈការសម្រួលការនាំចូលកសិផល និងការកែលម្អកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕