Img 1426
Swift cc time

និស្សិតឆ្នើមកម្ពុជា ៦ រូប ជាប់អាហារូបករណ៍ Fulbright បន្តការសិក្សានៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតឆ្នើមកម្ពុជាចំនួន ៦ រូប ត្រូវបានជ្រើសរើសជាផ្លូវការដើម្បីទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កម្មវិធី Fulbright។ និស្សិតឆ្នើមទាំង៦រូប នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ជំនាញចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

យោងតាមគេហទំព័រនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា វិស័យសិក្សាសំខាន់ៗដែលនិស្សិតកម្ពុជាបានជ្រើសរើស សុទ្ធសឹងតែជាជំនាញចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រួមមាន៖ ការសិក្សាសារមន្ទីរ (Museum Studies) សេដ្ឋកិច្ចសុខាភិបាល (Health Economics) ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development) ការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ចិត្តវិទ្យាអង្គការ (Organizational Psychology) សុខភាពសាធារណៈ (Public Health)។

បើតាមប្រភពដដែល អាហារូបករណ៍ Fulbright គឺជាកម្មវិធីអាហារូបករណ៍ដែលមានការប្រកួតប្រជែងខ្ពស់បំផុត និងជាក្តីស្រមៃរបស់និស្សិត និងមន្ត្រីជំនាញជាន់ខ្ពស់ភាគច្រើនទូទាំងពិភពលោក។ ក្រោយពេលបញ្ចប់ការសិក្សា អតីតនិស្សិត Fulbright ភាគច្រើនបានក្លាយជាអ្នកដឹកនាំ គន្លឹះបង្កើតគោលនយោបាយ និងជាអ្នកបង្កើតថ្មីនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។

ស្ថានទូតបានគូសបញ្ជាក់ថា ក្នុងនាមជា «ទូតវប្បធម៌» និស្សិតទាំង៦រូប នឹងនាំយកនូវទស្សនៈ បទពិសោធន៍ និងអត្តសញ្ញាណដ៏មានតម្លៃរបស់កម្ពុជាទៅកាន់ថ្នាក់រៀននៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការកសាងស្ពានមិត្តភាពឱ្យកាន់តែរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ។

គួររំលឹកថា កម្មវិធីអាហារូបករណ៍ Fulbright ជាកម្មវិធីផ្លាស់ប្តូរការអប់រំអន្តរជាតិឈានមុខគេរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានគោលបំណងចម្បងក្នុងការបង្កើនការយល់ដឹង និងទំនាក់ទំនងល្អរវាងប្រជាជនអាមេរិក និងប្រជាជនបណ្តាប្រទេសនានានៅលើពិភពលោក។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ កម្មវិធីអាហារូបករណ៍នេះ បានផ្តល់ឱកាសដល់និស្សិត អ្នកប្រាជ្ញ គ្រូបង្រៀន សិល្បករ និងអ្នកវិទ្យាសាស្ត្ររាប់សែននាក់ ដើម្បីសិក្សា ស្រាវជ្រាវ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល៕

Khcct banner

អត្ថបទទាក់ទង