Img 1426
Swift cc time

សភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ“វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកលលើកទី៩”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជួបប្រជុំជាមួយលោកស្រីបណ្ឌិត Genevieve House តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ រួមជាមួយនឹងតំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)” ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងអំឡុងខែសីហាខាងមុខ។

លោកបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ជំនួបពិភាក្សានាពេលនេះ គឺដើម្បីពិនិត្យមើលលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន ដើម្បីធានាថា ការរៀបចំវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារ និងទទួលបានជោគជ័យ។

នៅក្នុងអង្គប្រជុំ ភាគីរដ្ឋសភាកម្ពុជា និងតំណាងអង្គការ WHO បានផ្លាស់ប្តូរមតិយោបល់ ទៅលើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖

- ការពិនិត្យវឌ្ឍនភាពកម្មវិធី៖ ពិនិត្យលើក្របខណ្ឌ និងរចនាសម្ព័ន្ធនៃសម័យប្រជុំនីមួយៗ ដើម្បីធានាថាខ្លឹមសារនៃវេទិកាឆ្លើយតបទៅនឹងនិន្នាការសុខភាពសកល។

- ការផ្ទៀងផ្ទាត់សមាសភាពវាគ្មិន និងអ្នកចូលរួម៖ កំណត់អត្តសញ្ញាណច្បាស់លាស់នូវសមាសភាពអ្នកចូលរួម រួមមាន វាគ្មិនកិត្តិយស ជនបង្គោលធ្វើបទបង្ហាញ អ្នកសម្របសម្រួល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

- ការងារភស្តុភារ និងកម្មវិធីទស្សនកិច្ច៖ រៀបចំផែនការភស្តុភារ និងកម្មវិធីទស្សនកិច្ចសិក្សាជាក់ស្តែង ដោយមានការសហការជិតស្និទ្ធពីក្រសួងសុខាភិបាល ដើម្បីបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរបស់កម្ពុជា។

- ការដោះស្រាយបញ្ហាប្រឈម និងការផ្សព្វផ្សាយ៖ ពិនិត្យបញ្ហាប្រឈមចំពោះមុខ និងបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

- ការត្រៀមលក្ខណៈបច្ចេកទេស៖ ពិនិត្យប្រព័ន្ធបច្ចេកវិទ្យា និងដំណើរការរៀបចំទូទៅ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់គណៈប្រតិភូអន្តរជាតិ។

នៅពេលដែលសភាកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩” នេះ គឺជាការស្តែងឱ្យឃើញពីការទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សន្តិសុខសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក៕

Khcct banner

អត្ថបទទាក់ទង