ថៃ៖ មន្ត្រីនគរបាលល្បាតព្រំដែនថៃចំនួន ៦នាក់ ក្នុងនោះមាន ២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្បែរដងផ្លូវពីសំណាក់ក្រុមឧទ្ទាមផ្ដាច់ខ្លួនភាគខាងត្បូង ស្ថិតក្នុងស្រុកថាន់តូ (Than To) ខេត្តយ៉ាឡា ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រនេះ។
យោងតាមការចេញផ្សាយរបស់កាសែតថៃ ខាវស៊ត (Khaosod) ឧបករណ៍បំផ្ទុះច្នៃប្រឌិត (IED) នោះ ត្រូវបានក្រុមសកម្មប្រយុទ្ធបង្កប់ក្នុងគោលដៅវាយប្រហារចំទិសដៅ ក្រុមការងារការពារសុវត្ថិភាពគ្រូបង្រៀន នៃកងកម្លាំងនគរបាលល្បាតព្រំដែនលេខ ៤៤២ ខណៈពួកគេកំពុងបំពេញបេសកកម្មនៅលើដងផ្លូវតភ្ជាប់រវាងភូមិបានពូឡូសានីយ៉េ (Ban Pulo Saniyae) និងភូមិបានសាកៃ (Ban Sakai) ក្នុងឃុំបានរ៉េ (Ban Rae)។
ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះទាំង ៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថាន់តូ ដើម្បីទទួលការព្យាបាល។
បច្ចុប្បន្ន អាជ្ញាធរថៃបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមប្រម៉ាញ់អត្តសញ្ញាណជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ខណៈមូលហេតុពិតប្រាកដ និងទំហំនៃការខូចខាតបន្ថែម កំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ៕