ថៃ៖ ការសម្រេចចិត្តរបស់ប្រទេសម៉ាឡេស៊ី ក្នុងការហាមឃាត់ការនាំចូលបង្គាពីប្រទេសថៃ កាលពីពេលថ្មីៗនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ទិន្នផលបង្គាថៃយ៉ាងហោចណាស់ ៧៤០តោន គិតជាទឹកប្រាក់មានតម្លៃប្រមាណ ១២២លានបាត (ជិត ៣,៥លានដុល្លារ)។ តួលេខនេះបានកើនឡើងលើសពីការប៉ាន់ស្មានដំបូងរបស់រដ្ឋាភិបាលថៃ ដែលថាមានត្រឹមតែ ៤០០តោនប៉ុណ្ណោះ និងបង្ខំឱ្យមានការអំពាវនាវរកវិធានការគាំទ្របន្ទាន់ជួយកសិករថៃ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតThai Enquirer។
ថ្លែងក្នុងកិច្ចពិភាក្សាដេញដោលក្នុងសភាថៃ កាលពីថ្ងៃព្រហស្បតិ៍ លោក Sittiphol Viboonthanakul សមាជិកសភាមកពីគណបក្សប្រឆាំង បានលើកឡើងថា ផលប៉ះពាល់ដ៏ធំធេងហួសពីការរំពឹងទុកនេះ បង្ហាញថា រដ្ឋាភិបាលថៃបានវាយតម្លៃកម្រិតនៃបញ្ហានេះទាបពេក។
លោកព្រមានថា កសិករចិញ្ចឹមបង្គានឹងត្រូវប្រឈមមុខនឹងដំណាក់កាលដ៏គ្រោះថ្នាក់ក្នុងរយៈពេល ៧ ទៅ ១៥ថ្ងៃខាងមុខ ដោយសារការលើសតម្រូវការទីផ្សារ (Oversupply) អាចនឹងធ្វើឱ្យតម្លៃបង្គាធ្លាក់ចុះខ្លាំង។ដើម្បីដោះស្រាយ លោក Sittiphol ជម្រុញឱ្យរដ្ឋាភិបាលថៃ វាយតម្លៃឡើងវិញនូវទំហំនៃការខូចខាត និងដាក់ចេញនូវវិធានការភ្លាមៗ ដោយព្រមានថា ផែនការដែលមានស្រាប់ភាគច្រើនគឺជាយុទ្ធសាស្ត្ររយៈពេលវែង ដែលប្រហែលជាមិនអាចជួយសង្គ្រោះកសិករដែលកំពុងរងគ្រោះបានទាន់ពេលវេលានោះឡើយ៕
ជាការឆ្លើយតប លោក Watcharaphon Khaokham អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បានទទួលស្គាល់ថា បង្គាចំនួន ៧៤០តោន ពិតជាបានរងផលប៉ះពាល់ផ្ទាល់ពីបម្រាមនេះមែន ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងពន្លឿនការតែងតាំង «គណៈកម្មាធិការបង្គាជាតិ» ដើម្បីអនុម័តលើវិធានការគាំទ្រតម្លៃក្នុងករណីអាសន្ន។
លោក Watcharaphon បានគូសបញ្ជាក់ថា នាពេលនេះ នាយកដ្ឋានជលផលថៃ បានកំពុងសហការជាមួយឃ្លាំងស្តុកត្រជាក់ដើម្បីជួយទិញបង្គារាប់ពាន់តោន ខណៈក្រសួងពាណិជ្ជកម្មថៃកំពុងជំរុញការប្រើប្រាស់ក្នុងស្រុក និងស្វែងរកទីផ្សារជំនួស។ លោកថា ការចរចាជាមួយម៉ាឡេស៊ីកំពុងមានសញ្ញាវិជ្ជមាន និងរំពឹងថានឹងដោះស្រាយរួចរាល់ មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ទៅម៉ាឡេស៊ី នាដើមខែកក្កដាខាងមុខ៕