ភ្នំពេញ៖ លោកស្រី ម៉ៅ ទិព្វមុនី ប្រធានសាលារបាំ នៃសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាព នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង ១:១៥នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងវេលាដ៏សែនវិយោគនេះ ថ្នាក់ដឹកនាំ មន្រ្តីក្រសួងវប្បធម៌ សម្ដែងនូវសមានទុក្ខអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយ លោក ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកស្រី ម៉ៅ ទិព្វមុនី ដែលជាការបាត់បង់ភរិយា ម្តាយ អ៊ុំស្រីជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានល្អៗដល់កូនក្មួយ និងជាការបាត់បង់នូវ ធនធានមនុស្សមួយរូបក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបណ្តុះបណ្តាល ផ្ទេរចំណេះជំនាញផ្នែកសិល្បៈរបាំបុរាណដល់សិស្សានុសិស្ស និងកូនខ្មែរជំនាន់ក្រោយ។
សូមជម្រាបថា លោកស្រី ម៉ៅ ទិព្វមុនី ជានាដកាអប្សរាក្នុងទស្សនីយភាពរឿងកូរសមុទ្រទឹកដោះ កាលពីឆ្នាំ២០០០ជាង។ លោកស្រី បានចាប់ផ្តើមហាត់រៀនរបាំតាំងពីឆ្នាំ ១៩៨០ ម្ល៉េះ ដោយមានជាប់សែស្រឡាយសិល្បៈ ឪពុកជាតន្រ្តីករ៕