កូរ៉េខាងត្បូង៖ វិទ្យាស្ថានស្រាវជ្រាវ (Think Tank) នៃគណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាបក្សកាន់អំណាច បានស្នើឱ្យបង្កើតស្ថាប័នរដ្ឋមួយ ដើម្បីការពារគ្រូបង្រៀនពីពាក្យបណ្តឹង និងសម្ពាធផ្លូវច្បាប់ពីសំណាក់មាតាបិតាសិស្ស។ សំណើគោលនយោបាយនេះ ត្រូវបានយកគំរូតាមស្ថាប័នប្រឌិតមួយនៅក្នុងស៊េរីរឿងដ៏ល្បីលើ Netflix ចំណងជើងថា “Teach You a Lesson”។
យោងតាមការចេញផ្សាយរបស់កាសែត The Korea Times នៅក្នុងសាច់រឿងភាគនោះ ស្ថាប័នដែលគេបង្កើតឡើងគឺដើរតួជាក្រុមការងារពិសេស ចុះបង្ក្រាបសិស្សកំហូច និងមាតាបិតាដែលមានចរិតពុល (toxic)។ ប៉ុន្តែនៅក្នុងសំណើជាក់ស្តែង វិទ្យាស្ថានចង់ឱ្យបង្កើតវាជា «ការិយាល័យការពារសកម្មភាពអប់រំ» ស្ថិតក្រោមក្រសួងអប់រំ ដើម្បីដោះស្រាយនីតិវិធីច្បាប់ សម្របសម្រួលជម្លោះ និងជួយរ៉ាប់រងបន្ទុកជំនួសគ្រូបង្រៀន។
លោកស្រី Lee Gyeong-a អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខាងលើបានលើកឡើងថា៖ «ស្ថាប័នក្នុងសាច់រឿងគ្រាន់តែជាការស្រមៃ ប៉ុន្តែការដែលគ្រូបង្រៀនត្រូវរងរ៉ាប់រងលើពាក្យបណ្តឹង ការស៊ើបអង្កេត និងបណ្តឹងតុលាការដោយផ្ទាល់ខ្លួនឯង គឺជាបញ្ហាពិតប្រាកដ»។ លោកស្រីបន្ថែមថា ចំណុចស្នូលនៃគោលនយោបាយនេះ គឺត្រូវការពារកុំឱ្យគ្រូបង្រៀនម្នាក់ៗក្លាយជាផ្ទាំងស៊ីបផ្ទាល់នៃជម្លោះ ដោយត្រូវកំណត់យកសាលារៀន និងរដ្ឋជាភាគីផ្លូវការក្នុងការចេញមុខដោះស្រាយជំនួសវិញ។
តាមគម្រោង ស្ថាប័ននេះនឹងមិនដើរតួជាអ្នកស៊ើបអង្កេតឡើយ ប៉ុន្តែជាយន្តការគាំទ្រ ផ្តល់ប្រឹក្សាផ្លូវច្បាប់ និងគ្រប់គ្រងរាល់ពាក្យបណ្តឹងតាមបណ្តាញផ្លូវការរបស់សាលា ដើម្បីកុំឱ្យគ្រូបង្រៀនត្រូវប្រឈមមុខនឹងសម្ពាធទាំងនោះតែម្នាក់ឯងទៀតឡើយ។
គួរបញ្ជាក់ថា សំណើបំផុសគំនិតពីស៊េរីរឿងភាគនេះ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ត្រីអប់រំជាន់ខ្ពស់របស់កូរ៉េខាងត្បូងផងដែរ៕