រុស្សី៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរប្រគល់សាកសពទាហានដែលបានពលីក្នុងសង្រ្គាមជាង ៥៥០នាក់ ។ លោក Shamsail Saraliyev សមាជិកសភាឌូម៉ា (State Duma) មកពីគណបក្សកាន់អំណាច និងជាសមាជិកក្រុមការងារសភាទទួលបន្ទុកដោះស្រាយជម្លោះ បានមានប្រសាសន៍ថា ភាគីអ៊ុយក្រែនទទួលបានសាកសពទាហានចំនួន ៥២២នាក់ ហើយសាកសពចំនួន ៣៣នាក់ ត្រូវបានប្រគល់ជូនមកភាគីរុស្ស៊ីវិញ។
យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានThe Moscow Times ការដោះដូរនេះត្រូវបានអាជ្ញាធរទីក្រុងគៀវ (Kyiv) របស់អ៊ុយក្រែន បញ្ជាក់ថាជាការពិត។
តាមប្រភពដដែល កាលពីខែមុន អាជ្ញាធរអ៊ុយក្រែនក៏បានឱ្យដឹងដែរថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៥២៨នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា អ៊ុយក្រែនបានប្រគល់សាកសពទាហានរុស្ស៊ីចំនួន ៤១នាក់ ត្រឡប់មកវិញ។ ការដោះដូរកាលពីលើកមុននោះ ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងការផ្លាស់ប្តូរឈ្លើយសឹក (POW) ក្រោមការសម្របសម្រួលពីសហរដ្ឋអារ៉ាប់រួម (UAE) ហើយបន្ទាប់មកនៅក្នុងខែមិថុនា ដដែល ភាគីទាំងពីរក៏បានបន្តដោះដូរឈ្លើយសឹកបន្ថែមទៀត ក្រោមការជួយជ្រោមជ្រែងពី UAE ដូចគ្នា។
គួរបញ្ជាក់ថា ការប្រគល់សាកសពទាហាន និងការផ្លាស់ប្តូរឈ្លើយសឹករវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ដ៏កម្រមួយ ក្នុងចំណោមកិច្ចសហប្រតិបត្តិការដ៏តិចតួចបំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីការវាយលុកឈ្លានពានបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០២២ មក៕