Img 1426
Swift cc time

គម្រោង “តោះអាន ២០២៦” រំពឹងជួយកុមាររងផលប៉ះពាល់ពីជម្លោះព្រំដែនចំនួន ៧៥០នាក់ នៅខេត្តបន្ទាយមានជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ “យុទ្ធនាការ ៧៥០ កញ្ចប់នៃក្តីសង្ឃឹម” ស្ថិតក្រោមគម្រោង «តោះអាន ២០២៦» មានគោលបំណងចម្បងក្នុងការផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់កុមារកម្ពុជាដែលខ្វះខាត និងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ នៅសាលាបឋមសិក្សាព្រាវ ដែលស្ថិតនៅក្នុងភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សភាយុវពាណិជ្ជករអន្តរជាតិសាខាចតុមុខ (JCI Chaktomuk) បានប្រកាសដាក់ចេញនូវ “យុទ្ធនាការ ៧៥០ កញ្ចប់នៃក្តីសង្ឃឹម” (750 Packages of Hope Campaign) ស្ថិតក្រោមគម្រោង “តោះអាន ២០២៦” ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ មកទល់បច្ចុប្បន្ន។ ថវិកាឧបត្ថម្ភចំនួន ៥ ដុល្លារ ពីសប្បុរសជនម្នាក់ៗ នឹងត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពអភិវឌ្ឍន៍ និងផ្គត់ផ្គង់សម្ភារៈសិក្សាជាច្រើន រួមមាន៖ ការសាងសង់និងតុបតែងបណ្ណាល័យ, ការផ្តល់សៀវភៅអាន និងសម្ភារៈសិក្សា, ការជួសជុលបង្គន់អនាម័យនិងទីលានលេងសម្រាប់កុមារ, ការផ្តល់ឯកសណ្ឋានសិស្ស, សម្ភារៈអនាម័យ ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ការប្រកួតប្រជែងអានសៀវភៅផងដែរ។

ថវិកាចំនួន ៥ ដុល្លារអាមេរិក ដែលស្មើនឹងតម្លៃកាហ្វេមួយកែវ ត្រូវបានមើលឃើញថាអាចដូរមកវិញនូវឱកាសសិក្សា ក្ដីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជាដែលកំពុងជួបការខ្វះខាត។ នេះជាការអំពាវនាវក្នុងយុទ្ធនាការសប្បុរសធម៌ថ្មីមួយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ តំណាងអ្នករៀបចំគម្រោងបានគូសបញ្ជាក់ថា យុទ្ធនាការនេះមិនត្រឹមតែជាសកម្មភាពសប្បុរសធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលកររួមគ្នាមួយដែលស្តែងចេញពីគុណធម៌ និងការយោគយល់ក្នុងសង្គម ដោយផ្អែកលើជំនឿចិត្តយ៉ាងមោះមុតថា កុមារគ្រប់រូបត្រូវតែទទួលបានឱកាសសិក្សារៀនសូត្រស្មើៗគ្នា ដោយមិនគិតពីឋានៈ ឬស្ថានភាពហិរញ្ញវត្ថុគ្រួសារឡើយ។

គម្រោង «តោះអាន» មានចក្ខុវិស័យវែងឆ្ងាយក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា តាមរយៈការបណ្ដុះវប្បធម៌នៃការអានចាប់តាំងពីវ័យកុមារ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ យោងតាមកាលវិភាគដែលបានគ្រោងទុក គម្រោង “តោះអាន ២០២៦” នឹងចុះអនុវត្តសកម្មភាពផ្ទាល់នៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលាបឋមសិក្សាព្រាវ ដែលស្ថិតនៅក្នុងភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទោះបីជាទំហំថវិកា ៥ ដុល្លារ មើលទៅហាក់មានចំនួនតិចតួច ប៉ុន្តែសម្រាប់កុមារដែលកំពុងខ្វះខាត វាគឺជាតម្លៃដ៏មហាសាលក្នុងការទទួលបានសៀវភៅអាន សម្លៀកបំពាក់សិស្ស និងបរិស្ថានសាលារៀនដែលមានសុវត្ថិភាព។ គណៈកម្មការរៀបចំគម្រោង សូមគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមចំណែកតាមលទ្ធភាព ដើម្បីរួមគ្នាបង្កើតជីវិត និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងការចូលរួមឧបត្ថម្ភជាសម្ភារៈផ្សេងៗ សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ (+855) 87 708 069 (ប្រព័ន្ធ Telegram) ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក តាមរយៈតំណភ្ជាប់ JCI Chaktomuk - Let's Read

Khcct banner

អត្ថបទទាក់ទង