Img 1426
Swift cc time

កូនចៅសំខាន់លោក ចេន ហ្ស៊ី គឺលោក លីវ យិន ត្រូវបញ្ជូនទៅដល់ចិនហើយ ក្រោយចាប់ខ្លួននៅកម្ពុជា​ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ លោក លីវ យិន ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា គឺជាកូនចៅដ៏សំខាន់លំដាប់ទី៣របស់លោក ចេន ហ្ស៊ី នៅថ្ងៃទី១៧ មិថុនានេះ ត្រូវបានក្រសួងសន្តិសុខសាធារណៈចិន បញ្ចេញវីដេអូផ្លូវការនៃការចាប់នាំខ្លួនដល់ប្រទេសចិន ក្រោយចាប់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅកម្ពុជា ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scams។

យោងតាមក្រសួងសន្តិសុខសាធារណៈចិន បានអះអាងថា ការចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្ម Online Scams លោក លីវ យិន ពេលនេះ គឺធ្វើឡើងដោយមានកិច្ចសហការគ្នាយ៉ាងល្អពីអាជ្ញាធរចិន និងកម្ពុជា ហើយត្រូវបានបញ្ជូនមកដល់ទឹកដីចិនវិញបានដោយជោគជ័យ។ចិន បានចាត់ទុកការចាប់ខ្លួន លោក លីវ យិន គឺជាជោគជ័យថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា។

លោក លីវ យិន ត្រូវបានប៉ូលីសចិន តាមចាប់ខ្លួនតាំងពី ឆ្នាំ២០១៦មក។លោកគឺជាបងធំទី៣ បន្ទាប់ពីលោក ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន Prince Holding Group ហើយលោក លីវ យិន ត្រូវបានគេដឹងថា ជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Jinbei Group នៅកម្ពុជា ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scams។

យោងតាមប្រភពពីប៉ូលីសចិន ចាប់តាំងពីឆ្នាំ ២០២០ ក្រុមហ៊ុន Jinbei Group បានដំណើរការឆបោកក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តបទឧក្រិដ្ឋក្លែងបន្លំទូរគមនាគមន៍ និង ឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់។លោក លីវ យិន គឺជាប់សង្ស័យពី បទឧក្រិដ្ឋហិង្សាធ្ងន់ធ្ងរដូចជា ការឃុំខ្លួនដោយខុសច្បាប់ និងបង្កើតឱ្យមានអំពើហិង្សាចេតនាជាច្រើនទៀត។

តាមសេចក្តីរាយការណ៍នានា លោក លីវ យិន ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា ត្រូវបានចាប់ខ្លួនៅកម្ពុជាតាំងតែពីថ្ងៃទី ៥ មិថុនា នៅអគារខុនដូរមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានបញ្ជូនចេញពីកម្ពុជានៅថ្ងៃទី ១០ មិថុនា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការតឹងតែងបំផុត៕



Khcct banner

អត្ថបទទាក់ទង