ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញបេក្ខជនចំនួន ៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែង ក្នុងការដាក់ពាក្យប្រឡងជ្រើសរើសសិស្សឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ខណៈ ACU នឹងកោះហៅបេក្ខជនទាំង ៣នាក់ នោះ មកបំភ្លឺ ហើយបើរកឃើញថាមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ នឹងបញ្ចូនទៅតុលាការ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ អ.ប.ព. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមលក់ និងទទួលពាក្យប្រឡងចាប់ពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនេះ បេក្ខជនបានទិញពាក្យសរុប ៦៦១ច្បាប់ និងមានអ្នកដាក់ពាក្យប្រឡងចំនួន ៥៧៤នាក់ ក្នុងនោះស្ត្រី ២២៣នាក់។
អ.ប.ព. បានចូលរួមសង្កេតការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ឯកសាររបស់បេក្ខជន ចាប់ពីដំណាក់កាលដាក់ពាក្យ រហូតដល់ការប្រកាសលទ្ធផលប្រឡង។
តាមការផ្ទៀងផ្ទាត់ អ.ប.ព. បានរកឃើញបេក្ខជន ៣នាក់ប្រើប្រាស់ឯកសារក្លែង។ អង្គភាពនឹងកោះហៅបេក្ខជនទាំង ៣នាក់មកបំភ្លឺ ដើម្បីបន្តការស្រាវជ្រាវ និងអនុវត្តនីតិវិធីតាមច្បាប់។ ប្រសិនបើរកឃើញថា មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អ.ប.ព. នឹងបញ្ជូនសំណុំរឿងទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានេះ អ.ប.ព. បានអំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់ការក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់វិធានការតាមច្បាប់ដោយមិនមានការលើកលែង៕