ថៃ៖ ទាហានថៃពីរនាក់បានជិះម៉ូតូ និងជ្រុលចង្កូតទៅបុករថយន្តយោធាពេញទំហឹងដែលបណ្តាលឲ្យពួកគេទាំងពីរស្លាប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះបន្ទាន់ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវកោងក្បែរប្រាសាទតាមាន់តូច។ កាសែតថៃបានរាយការណ៍ទៀតថាជនរងគ្រោះទាំងពីររូបត្រូវបានគេស្គាល់អត្តសញ្ញាណគឺ លោក Sittichai Wiangtham ជាបុគ្គលិកវិទ្យុទាក់ទងប្រចាំមូលដ្ឋានយោធាក្នុងតំបន់ និងលោក Tatthep Sidamat ជាខ្មាន់កាំភ្លើងយន្តប្រចាំមូលដ្ឋានតំបន់ផ្លូវបំបែកជាបី។
យោងតាមរបាយការណ៍ពីកងកម្លាំងទ័ពថៃ Suranari Force បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូរបស់កងទ័ពខាងលើបានបើកបរមកដល់ចំណុចផ្លូវកោង រួចក៏បានបាត់បង់ម្ចាស់ការ និងរអិលដួលជ្រុលទៅបុកឡានយោធាដែលនៅក្បែរនោះ បណ្តាលឱ្យដេកដួលសន្លប់ និងរងរបួសជាទម្ងន់នៅនឹងកន្លែងកើតហេតុ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចថៃ បានបញ្ជូនជនរងគ្រោះទាំងពីរទៅកាន់មន្ទីរពេទ្យបង្អែកក្បែរតំបន់កើតហេតុ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក រួមផ្សំនឹងចង្វាក់បេះដូងចុះខ្សោយខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតពួកគេបានឡើយ ដោយម្នាក់បានទទួលមរណភាពនៅវេលាម៉ោង ១២:៤១ នាទីថ្ងៃត្រង់ និងម្នាក់ទៀតបានស្លាប់បន្តបន្ទាប់គ្នានៅវេលាម៉ោង ១:៣០ នាទីរសៀល៕