Img 1426
Swift cc time

រញ្ជួយដីកម្រិត៦,៧ រីចទ័រនៅកោះឥណ្ឌូនេស៊ីសម្លាប់មនុស្សម្នាក់ និងរបួសរាប់សិបនាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦,៧ រីចទ័រ កាលពីថ្ងៃអង្គារម្សិលមិញ បានវាយប្រហារផ្នែកខ្លះនៃកោះស៊ូឡាវេស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ី និងបណ្តាលឱ្យពលរដ្ឋ យ៉ាងហោចណាស់ម្នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP News ការរញ្ជួយយ៉ាងខ្លាំងក្លានេះ បានបង្ខំឱ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងដែលមានមនុស្សរស់នៅប្រហែល ៤០០,០០០ នាក់មួយនេះ រត់ភៀសខ្លួនទៅកាន់ទីវាល សុវត្ថិភាព ស្របពេលដែលមន្ទីរពេទ្យមួយចំនួនត្រូវជម្លៀសអ្នកជំងឺចេញមកក្រៅទាំងប្រញាប់ប្រញាល់។

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានបញ្ជាក់ថា គ្រោះធម្មជាតិនេះបានបង្កការខូចខាតយ៉ាងដំណំដល់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្ទះសម្បែងចំនួន ៦៧ ខ្នង ទីសក្ការបូជា ៦ កន្លែង ស្ពាន ២ ខ្សែ និងអគាររដ្ឋបាលមួយចំនួន ព្រមទាំងធ្វើឱ្យដាច់ចរន្តផ្លូវខេត្តតភ្ជាប់រវាងក្រុងប៉ាលូ និងស្រុកជិតខាង។

ទីភ្នាក់ងារឧតុនិយម ភូមិសាស្ត្រ និងរូបវិទ្យាឥណ្ឌូនេស៊ី ក៏បានកត់ត្រានូវការរញ្ជួយបន្ទាប់ (Aftershocks) យ៉ាងហោចណាស់ ៧១ ដង ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរសម្រេចចិត្តផ្លាស់ទីទៅរកទីទួលមានសុវត្ថិភាព ដោយសារការភ័យខ្លាច និងស្រមើស្រមៃទៅដល់គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ ២០១៨ ដែលធ្លាប់បានសម្លាប់មនុស្សអស់ជាង ៤,០០០ នាក់នៅក្នុងតំបន់ដដែលនេះ។

តាមប្រភពពីទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅក្រោមដីជម្រៅប្រហែល ១០ គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ ៤៣ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងប៉ាលូ (Palu) ប្រទេសឥណ្ឌូនេស៊ី៕

Khcct banner

អត្ថបទទាក់ទង