ប៉ូឡូញ៖ កំពូលអ្នករិះគន់លោកប្រធានាធិបតីរុស្ស៊ី និងជាវិចិត្រកររុស្ស៊ីដ៏ពូកែម្នាក់គឺ លោក Robert K ដែលត្រូវបានគេស្គាល់ថាជាវិចិត្រករឈ្មោះក្រៅ Semyon Skrepetsky ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃចន្ទ នៅក្នុងទីក្រុង Biała Podlaska របស់ប្រទេសប៉ូឡូញ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែនបេឡារុស្ស។ បុរសវ័យ ៤៤ ឆ្នាំរូបនេះត្រូវបានបាញ់ប្រាំគ្រាប់ចំក្បាល ទ្រូង និងខ្នងនៅក្នុងចំណតរថយន្តមួយក្នុងទីក្រុង ដែលមានចម្ងាយប្រហែល ៦០០ ម៉ែត្រពីស្ថានកុងស៊ុលបេឡារុស្ស។ ភ្លាមៗក្រោយការបាញ់ប្រហារប៉ូលីសនៅប្រទេសប៉ូឡូញកំពុងស៊ើបអង្កេតលើករណីឃាតកម្មលើវិចិត្រកររុស្ស៊ី និងជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់លើប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
បើតាមលោក Marcin Kozak អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាស្រុកនៅភាគខាងកើតទីក្រុង Lublin បាននិយាយថា ប៉ូលីសបានឃុំខ្លួនពលរដ្ឋបេឡារុស្សពីរនាក់ អាយុ ៣៣ និង ៣៧ ឆ្នាំ នៅជិតស្ថានកុងស៊ុលបេឡារុស្សដើម្បីសួរនាំ ។ លោកបន្ថែមទៀតថានៅពេលដែលជនរងគ្រោះដួលទៅលើដី ជនល្មើសបានចូលទៅជិត បាញ់បីគ្រាប់ទៀត ហើយបន្ទាប់មកបានរត់គេចខ្លួនយ៉ាងលឿន។ លោក Robert K បានស្លាប់នៅកន្លែងកើតហេតុ។ ក្នុងការបាញ់ប្រហារនោះអាជ្ញាធរក្នុងតំបន់បានរកឃើញសំបកគ្រាប់ចំនួនប្រាំ និងគ្រាប់ Geco 9mm Luger មួយគ្រាប់ត្រូវបានរកឃើញពីកន្លែងកើតហេតុ។
គួររម្លឹកថាលោក Robert K រឺឈ្មោះក្រៅហៅថា Semyon Skrepetsky ត្រូវបានគេស្គាល់ដោយសារការគូររូបថ្លុកអ្នកនយោបាយ រួមទាំងលោកពូទីន មេដឹកនាំបេឡារុស្ស លោក Alexander Lukashenko និងមេដឹកនាំឆេឆេន លោក Ramzan Kadyrov លោកបានរិះគន់មេដឹកនាំខាងលើយ៉ាងខ្លាំងក្លា។ លោក Robert K ត្រូវបានផ្តល់សិទ្ធិជ្រកកោននៅ Biała Podlaska ដែលជាទីក្រុងតូចមួយដែលមានប្រជាជនតិចជាង ៦០.០០០ នាក់ បន្ទាប់ពីលោកបានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ ដោយខ្លាចការចោទប្រកាន់ព្រហ្មទណ្ឌ។
លោក Robert K រស់រាននៅក្នុងប្រទេសប៉ូឡូញជាមួយប្រពន្ធ និងកូនប្រាំនាក់របស់គាត់។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅយប់មុនពេលគាត់ស្លាប់បានបង្ហាញថាវិចិត្រកររូបនេះបានចូលរួមការតវ៉ាទិវារុស្ស៊ីនៅខាងក្រៅស្ថានទូតរុស្ស៊ីនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃសុក្រ។ គាត់បានកាន់គំនូរមួយដែលគូររូបលោកពូទីន និងមេដឹកនាំសូវៀត ចូសេហ្វ ស្តាលីន ក៏ដូចជាទង់ជាតិរុស្ស៊ីដែលចងជាប់នឹងខោរបស់គាត់ដែលត្រូវបានអូសតាមផ្លូវ៕