កំពង់ឆ្នាំង៖ ពលរដ្ឋប្រមាណ៥០០នាក់ នៅឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ មិថុនា បានចូលរួមកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា (Tourism and Humanitarian Trip to the Chenla Empire)» ដើម្បីឈ្វេងយល់ពីទីតាំងទេសចរណ៍ វប្បធម៌ ក្នុងសម័យអាណាចក្រចេនឡា។
គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយសមាគមបណ្ណាល័យគំនិត រៀបចំកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា (Tourism and Humanitarian Trip to the Chenla Empire)»។
លោក សេម ជាទីប្រឹក្សាសមាគមបណ្ណាល័យគំនិត ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីទស្សនកិច្ចនេះ បានថ្លែងថា កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន ការជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង, ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់, ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់៣៤២នាក់ និងគ្រូបង្រៀន១៣នាក់, អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា, ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ និងតេខ្វាន់ដូ, ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង, លេងទឹកជ្រោះអូរដា, ទស្សនាប្រាសាទបុរាណដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសាទព្រះស្រី (ប្រាសាទស្រី), គ្រឹះប្រាសាទតូច, ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី, ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។
លោកបានសង្កត់ធ្ងន់ថា «បើសិនចង់ឈ្វេងយល់ពីសម័យអង្គរ សូមទៅខេត្តសៀមរាប តែបើចង់ឈ្វេងយល់ពីសម័យចេនឡា សូមទៅស្រុកកំពង់លែង»៕