ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្នើឱ្យមហាជនបញ្ជាក់ពីប្រភពរោងចក្រ ដែលកំពុងមានការចាប់អារម្មណ៍លើបណ្តាញសង្គម ក្រោយពីការប្រើប្រាស់ពាក្យមិនសមរម្យលើបងប្អូនកម្មករនិយោជិត ដើម្បីមន្ត្រីជំនាញក្រសួងចុះពិនិត្យ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំអ្នកប្រើប្រាស់បណ្តាញសង្គមដែលផ្សព្វផ្សាយករណីការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ នៅក្នុងរោងចក្រមួយកន្លែង «បញ្ជាក់ថាតើករណីនេះកើតឡើងនៅរោងចក្រណា ដើម្បីមន្ត្រីជំនាញក្រសួងចុះពិនិត្យលើករណីនេះ?»។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និយោជក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រើប្រាស់អាកប្បកិរិយា និងភាសាឱ្យបានសមរម្យ និងស្នើសុំឱ្យបងប្អូនកម្មករនិយោជិតទាក់ទងមកលេខ ១២៨៦ ក្នុងករណីមានការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ ឬលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងាររបស់ខ្លួន៕