ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ កញ្ញានេះ បានចេញនូវវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត ខណៈស្ថានភាពពីក្រសួងធនធានទឹក បានបញ្ជាក់ថា ឆ្នាំនេះ ស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលជំរុញឱ្យកម្ពស់ទឹកទន្លេ ស្ទឹង ព្រែក កើនឡើងខ្ពស់ អាចបង្កជាគ្រោះទឹកជំនន់ ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត រួមមាន៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានព័ត៌មានជាប់ជាប្រចាំអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក។ ត្រៀមលក្ខណៈជាមុន ដោយត្រូវត្រៀមរៀបចំទ្រព្យសម្បត្តិ សត្វពាហនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ឱ្យបានរៀបរយ ដើម្បីត្រៀមជម្លៀសទៅទីតាំងទីទួល/មណ្ឌលជម្លៀសមានសុវត្ថិភាព ដែលអាជ្ញាធរមានសមត្ថកិច្ចបានរៀបចំជូន។ យកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថានរស់នៅ និងសុខភាព ដើម្បីបង្ការការឆ្លងមេរោគ ឬ ជំងឺផ្សេងៗ និង បង្កើនការការពារ និងបង្ការពីសត្វល្អិត ទិច ឬ ខាំ និងចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានទាន់ ហេតុការណ៍អំពីគ្រោះមហន្តរាយនានា។
ចំពោះម្ចាស់អាជីវកម្មកំពង់ចម្លង និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ប្រើប្រាស់ទូក កាណូត ឬ ស្រឡាង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវជិះ ឬ ផ្ទុកមនុស្ស ហួសកម្រិតឡើយ ហើយករណីធ្វើដំណើរ នៅពេលយប់ ឬ មេឃងងឹត ត្រូវមានភ្លើងបំភ្លឺ មានអាវពោងសុវត្ថិភាព និងឧបករណ៍សង្គ្រោះចាំបាច់ផ្សេងទៀត និងសូមផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នសិន នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬ ខ្យល់កន្ត្រាក់ខ្លាំង លើកលែង ក្នុងករណីចាំបាច់បន្ទាន់៕