សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ១.២៩៩នាក់ នាថ្ងៃទី២០ កញ្ញា បានចូលរួមជិះកង់ក្នុងព្រៃតំបន់អង្គរ ចម្ងាយផ្លូវប្រមាណ ១២គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ។ ចំនួនអ្នកចូលរួមនេះ លើសពីការគ្រោងទុក ដោយក្នុងនោះភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ជប៉ុន និងចិន។ ព្រឹត្តិការណ៍នេះ ត្រូវបានលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ណែនាំឱ្យរៀបចំជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងទាក់ទាញភ្ញៀវទេសចរណ៍។
ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នៅរដូវកាលបៃតង ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់ឧបសគ្គក្នុងព្រៃតំបន់អង្គរ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍សមរាត្រីអង្គរ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតងឱ្យកាន់តែច្រើន។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់បេះដូងអ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធទេសចរណ៍ថ្មីៗដែលមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារក្រសួងទេសចរណ៍ បន្តសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរជារៀងរាល់ឆ្នាំ និងកំណត់ព្រឹត្តិការណ៍នេះបញ្ចូលក្នុងប្រតិទិនព្រឹត្តិការណ៍ (Events Calendar) ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ ដើម្បីឱ្យក្លាយជាព្រឹត្តិការណ៍ទេសចរណ៍កីឡាដ៏ទាក់ទាញមួយរបស់ខេត្តសៀមរាប និងកម្ពុជា៕