ថៃ៖ មន្ត្រីប៉ូលិសការពារព្រំដែនថៃម្នាក់ ឈ្មោះ ណាំថាប់ ប៉ាក់វ៉ាតាណា (Namthap Pakwatana) វ័យ ៣៣ ឆ្នាំ បានបើកការបាញ់រះលើក្រុមអ្នករត់ម៉ូតូឌុប បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ២ នាក់ និងបង្ករបួសស្នាមម្នាក់ នៅក្នុងសង្កាត់ ឌីនដែង (Din Daeng) ក្រុងបាងកក។ ហេតុការណ៍ដ៏រន្ធត់មួយនេះបានកាលពីព្រឹកព្រលឹមថ្ងៃទី ១៤ ខែមិថុនា ក្រោយពីរូបគេចរចាសុំចុះថ្លៃឌុបតែ ម៉ូតូឌុបមិនព្រមក៏បាញ់រះ មកទល់ពេលនេះ ជនសង្ស័យត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនទៅកាន់តុលាការ។
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមន្ត្រីរូបនោះ បានសុំតថ្លៃឈ្នួលម៉ូតូឌុបពី ១២០ បាត (ប្រមាណ ៣.៧០ ដុល្លារអាម៉េរិក) ដោយរអ៊ូថាថ្លៃពេក និងសុំបង់លុយតែពាក់កណ្តាល ប៉ុន្តែត្រូវបានក្រុមអ្នករត់ម៉ូតូឌុបបដិសេធ។ ភ្លាមៗក៏មានការតតាំងពាក្យសម្តីរឿងតថ្លៃនេះបានឈានដល់ការវាយតប់គ្នា ហើយរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមអ្នករត់ម៉ូតូឌុបបានព្រួតគ្នាវាយ និងធាក់មន្ត្រីប៉ូលិសរូបនោះឱ្យដួលទៅនឹងដី មុនពេលដែលលោកដកកាំភ្លើងខ្លីម៉ាក SIG Sauer បាញ់ស្រោចទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំង ២ នាក់តែម្តង។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនមួយរយៈ រួចក៏ចូលប្រគល់ខ្លួននៅប៉ុស្តិ៍ប៉ូលិស និងប្រគល់អាវុធពាក់ព័ន្ធ ដោយអះអាងថា ខ្លួនបាញ់ប្រហារនោះគឺក្នុងបំណង «ការពារខ្លួន»។ បច្ចុប្បន្ន ជនសង្ស័យកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ឃាតកម្មដោយចេតនា ប៉ុនប៉ងមនុស្សឃាត និងការកាន់កាប់អាវុធក្នុងទីសាធារណៈ ខណៈដែលសាច់ញាតិជនរងគ្រោះបានជំទាស់ដាច់ខាត មិនឱ្យមានការដោះលែងក្រៅឃុំជាបណ្តោះអាសន្នឡើយ៕