ថៃ៖ក្រសួងការបរទេសថៃ នៅថ្ងៃទី ១៦ មិថុនានេះ បានសម្រេចតែងតាំង អតីតប្រធានតុលាការអន្តរជាតិ ស្តីពីច្បាប់សមុទ្រ (ITLOS) ចំនួន ២ រូប រួមមានអ្នកច្បាប់ជនជាតិអាល្លឺម៉ង់ម្នាក់ និង អ្នកជំនាញជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ឱ្យចូលរួមក្នុងក្រុមការងារសម្រុះសម្រួលរបស់ខ្លួន សម្រាប់ដោះស្រាយវិវាទព្រំដែនសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជា។នេះបើយោងតាម ព័ត៌មានថៃ ខាវស៊ត។
ការប្រកាសនេះ ធ្វើឡើងក្រោយពីកម្ពុជា សម្រេចបញ្ជូនអ្នកច្បាប់២រូបរួចមកហើយ ដើម្បីតតាំងវិវាទព្រំដែនទឹកនេះជាមួយភាគីថៃ។ អ្នកច្បាប់ទាំងពីររូបនោះរួមមាន លោក Peter Taksøe-Jensen គឺជាអ្នកការទូតជាន់ខ្ពស់ និង ជាអ្នកច្បាប់អន្តរជាតិដ៏លេចធ្លោមួយរូបសញ្ជាតិដាណឺម៉ាក ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងកិច្ចការបរទេស ច្បាប់សមុទ្រ និងការដោះស្រាយវិវាទអន្តរជាតិ។
ចំណែកមួយរូបទៀតគឺកម្ពុជាបានសម្រេចតែងតាំងលោក Jean-Marc Thouvenin សាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញសញ្ជាតិបារាំង ជាសមាជិកទី២ នៃគណៈកម្មការសម្របសម្រួល ដើម្បីតតាំងក្តីជាមួយភាគីថៃលើបញ្ហាព្រំដែនសមុទ្រ៕