ចិន៖ ប្រទេសមីយ៉ាន់ម៉ា និងចិន នាថ្ងៃទី១៦ ខែមិថុនានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា (MoU) រហូតដល់ទៅ ១៨ ឯកសារ នៅក្នុងទីក្រុងប៉េកាំង។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ក្នុងកំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ។
យោងតាមការចេញផ្សាយរបស់កាសែត Irrawaddy ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗដែលត្រូវបានចុះហត្ថលេខានោះ រួមមានគំនិតផ្តួចផ្តើមឈានមុខរបស់ទីក្រុងប៉េកាំង ដូចជាអនុស្សរណៈស្តីពីការរួមគ្នាលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)។ ក្រៅពីនេះ រដ្ឋាភិបាលទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការអនុវត្តរួមគ្នានៃកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៦ និងកិច្ចព្រមព្រៀងជំនួយសម្រាប់ការសាងសង់ពហុកីឡដ្ឋាន អ៊ុងសាន (Aung San Stadium) ឡើងវិញនៅក្នុងទីក្រុងរ៉ង់ហ្គូនផងដែរ។
កិច្ចព្រមព្រៀងផ្សេងទៀតបានគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងកសិកម្ម រួមមានពិធីសារស្តីពីការនាំចេញរុក្ខជាតិឱសថបុរាណចិន ផ្លែចេកស្រស់ និងផលិតផលវារីផលពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ព្រមទាំងអនុស្សរណៈដើម្បីសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងអនុតំបន់មេគង្គ។ ភាគីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសុខាភិបាល ការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិទ្ធិកម្មសិទ្ធិបញ្ញា គោលនយោបាយប្រកួតប្រជែង និងការសម្របសម្រួលពាណិជ្ជកម្មសេរី។
កញ្ចប់កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក៏បានរួមបញ្ចូលនូវអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយសំឡេង និងសេវាកម្មអនឡាញ ការផ្លាស់ប្តូរចំណេះដឹងតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកគិតគូរនៃតំបន់ខាងត្បូងសកល (Global South Media and Think Tank Forum) ព្រមទាំងជំនួយបច្ចេកទេសសម្រាប់ការឆ្លើយតបមនុស្សធម៌បន្ទាន់ ក្នុងករណីមានគ្រោះរញ្ជួយដីផងដែរ៕