យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញថាការប្រយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានជួយសង្គ្រោះប្រទេសរបស់លោកពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ នៅក្នុងការថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ទៀតថាកងទ័ពអ៊ីស្រាអែលនឹងស្ថិតនៅក្នុងប្រទេសលីបង់ ហ្គាហ្សា និងស៊ីរីដដែល។
បើតាមលោកណេតាន់យ៉ាហ៊ូ លោកថារឿងសំខាន់បំផុតគឺថា យើងបានជួយសង្គ្រោះរដ្ឋអ៊ីស្រាអែលពីការគំរាមកំហែងនៃការបំផ្លាញនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយដែលនេះមានន័យថាពលរដ្ឋអ៊ីស្រាអែលរាប់លាននាក់ អ្នកដែលកំពុងស្តាប់លោកនិយាយឥឡូវនេះ អ្នកទាំងអស់គ្នានឹងស្ថិតក្នុងគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចនៃការស្លាប់យ៉ាងច្រើនប្រសិនបើអ៊ីរ៉ង់អាចផលិតនុយក្លេអ៊ែរបាន។
លោក ណេតាន់យ៉ាហ៊ូ សន្យាថាអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលបានអាវុធនុយក្លេអ៊ែរឡើយ ដោយមិនគិតពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងណាមួយឡើយ លោកសង្គត់ធ្ងន់ថាទោះមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
គួរកត់សម្គាល់ថាបើគ្មានអ្វីប្រែប្រួលនោះទេកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងអាម៉េរិក-អ៊ីរ៉ង់ និងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះដែលប្រទេសស្វីសនឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ៕