Img 1426
Swift cc time

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដាក់ដំណើរការ«បណ្ណាល័យឌីជីថល»ភាសាបារាំង«ខ្មែរិកា» ធំជាងគេសម្រាប់ប្រទេសកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការនូវមូលដ្ឋានទិន្នន័យ «ខ្មែរិកា» ដែលជាបណ្ណាល័យឌីជីថលភាសាបារាំងសម្រាប់ប្រទេសកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់សារមន្ទីរ ស.ស.រ. www.sosoro-khmerica.org។ អ្នកប្រើប្រាស់ អាចចូលប្រើប្រាស់នូវបណ្ដុំឯកសារជាភាសាបារាំង រួមមាន សៀវភៅ ទស្សនាវដ្ដី កាសែត និងឯកសារប្រវត្តិសាស្រ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលទាក់ទងនឹងប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាឯកសារកម្រ។

បើតាមសារមន្ទីរ ស.ស.រ ខ្មែរិកា ផ្តល់លទ្ធភាពឱ្យសាធារណជនអាចចូលប្រើប្រាស់នូវបណ្ដុំឯកសារជាភាសាបារាំង រួមមាន សៀវភៅ ទស្សនាវដ្ដី កាសែត និងឯកសារប្រវត្តិសាស្រ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលទាក់ទងនឹងប្រទេសកម្ពុជា។ ឯកសារជាច្រើនដែលមាននៅក្នុង ខ្មែរិកា ជាឯកសារកម្រ និងមិនធ្លាប់បានបោះពុម្ពឡើងវិញឡើយ ហើយជាទូទៅក៏មិនមានវត្តមានក្នុងទម្រង់ឌីជីថលនៅកន្លែងផ្សេងទៀតដែរ។

កម្រងឯកសារដំបូងៗដែលបានបញ្ចូលនៅក្នុង ខ្មែរិកា រួមមាន សៀវភៅនិងទស្សនាវដ្តីជាភាសាបារាំងសំខាន់ៗ ជាង ២០ ចំណងជើង ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក ក្នុងនោះរួមមានទស្សនាវដ្តី និងកាសែតដូចជា Cambodge d’aujourd’hui, Réalités cambodgiennes, Cambodge, Le Mékong, Cambodge Soir និង Cambodge Soir Hebdo ជាដើម។ មាតិកាបន្ថែមផ្សេងៗទៀតនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធជាបន្តបន្ទាប់នៅក្នុងឆ្នាំខាងមុខ។ លើសពីនេះ គេហទំព័រនេះក៏អាចនឹងពង្រីកវិសាលភាព ដោយរួមបញ្ចូលបន្ថែមនូវរូបថត ផែនទី បណ្ណប្រៃសណីយ៍ សម្ភារៈសោតទស្សន៍ និងធនធានឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។

លក្ខណៈពិសេសសំខាន់មួយរបស់ ខ្មែរិកា គឺមុខងារស្វែងរក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យក្នុងអត្ថបទនៃឯកសារឌីជីថលរាប់ពាន់ទំព័រ។ អ្នកស្រាវជ្រាវ និស្សិត អ្នកសារព័ត៌មាន និងសាធារណជនទូទៅ អាចស្វែងរកឈ្មោះ ទីកន្លែង ព្រឹត្តិការណ៍ ឬប្រធានបទដែលចាប់អារម្មណ៍នានាបានយ៉ាងឆាប់រហ័ស នៅក្នុងកម្រងឯកសារបោះពុម្ពផ្សាយជាច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យការស្រាវជ្រាវប្រវត្តិសាស្ត្រ សង្គម និងសេដ្ឋកិច្ច កាន់តែមានភាពងាយស្រួលជាងមុន។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានអភិវឌ្ឍឡើងដំបូងឡើយក្រោមការគាំទ្រពីកិច្ចសហប្រតិបត្តិការបារាំង នៅក្នុង ឆ្នាំ ២០០៥ បន្ទាប់មកបន្តវេនដោយ លោក ហ្សង់ ហ្សាក ដូណារដ៍ អតីតប្រធានគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាពដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា FSP-VALEASE និងចុងក្រោយដោយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប៉ុន្តែ ខ្មែរិកា ត្រូវបានផ្អាកមិនអាចឱ្យសាធារណជនចូលប្រើប្រាស់បានឡើយនៅក្នុងឆ្នាំ ២០២០។ ចាប់តាំងពីឆ្នាំ ២០២៥ មក សារមន្ទីរ ស.ស.រ. នៃធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដើរតួនាទីក្នុងការអភិរក្ស បញ្ចូលទិន្នន័យបន្ថែម និងកែលម្អមូលដ្ឋានទិន្នន័យនេះឡើងវិញ ជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់បេតិកភណ្ឌឯកសាររបស់ប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង