ក្រុមការងារ ស៊ីស៊ីថាមស៍ រួមទាំង អ្នកយកព័ត៌មានជាតិ និងអន្តរជាតិជិត ៧៩នាក់ មកពី៣៩អង្គភាព បន្តចុះទៅទីតាំង Online Scams ឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ម្ចាស់ទីតាំងជាជនជាតិចិនមានឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ ប្រព្រឹត្តបទល្មើស Online Scams រួមមាន៖ ឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។
ទីតាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដកហូតកុំព្យួរទ័រ និងទូរស័ព្ទសរុបជាង ៦០០គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង ៣នាក់ បញ្ជូនទៅតុលាការ និង ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ហើយរកឃើញជនបរទេស ២៧៥នាក់ រួមមាន៖ ចិន ២៥នាក់ វៀតណាម ១៨២ កូរ៉េខាងត្បូង ៨នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជា៕