Img 1426
Swift cc time

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញ «គិលានុបដ្ឋាក» ចំនួន ២៥កន្លែង ទៅសិក្សានៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជីជាំង (Zhejiang) នៃប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ជំនាញគិលានុបដ្ឋាក (Nursing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ចំពោះកម្មវិធីសិក្សានេះ បេក្ខជនជោគជ័យនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនរួមមានការហ្វ្រីថ្លៃសិក្សា និងថ្លៃស្នាក់នៅទាំងស្រុង ខណៈការចំណាយផ្សេងៗទៀតជាបន្ទុករបស់សាមីខ្លួនផ្ទាល់។ សម្រាប់រយៈពេលសិក្សាសរុបវិញ គឺត្រូវបានបែងចែកទៅតាមភាសាដែលសិស្សជ្រើសរើស ពោលគឺបើជ្រើសរើសកម្មវិធីសិក្សាជាភាសាអង់គ្លេស ត្រូវសិក្សារយៈពេល ៣ឆ្នាំ លើជំនាញផ្ទាល់។ ដោយឡែក សម្រាប់កម្មវិធីសិក្សាជាភាសាចិន ត្រូវសិក្សារយៈពេលសរុប ៤ឆ្នាំ ដែលក្នុងនោះរួមបញ្ចូលទាំងការសិក្សាភាសាចិនរយៈពេល ១ឆ្នាំ និងបន្តសិក្សាជំនាញរយៈពេល ៣ឆ្នាំទៀត។

ដើម្បីអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន បេក្ខជនទាំងអស់ត្រូវតែមានសញ្ជាតិខ្មែរ និងមានសុខភាពល្អបរិបូរណ៍ ព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬមានសញ្ញាបត្រសមមូល។ ក្នុងករណីជ្រើសរើសកម្មវិធីសិក្សាជាភាសាអង់គ្លេស បេក្ខជនត្រូវមានកម្រិតភាសាអង់គ្លេសសមស្របដែលអាចសិក្សាបាន ចំណែកកម្មវិធីសិក្សាជាភាសាចិនវិញ បើបេក្ខជនមានកម្រិត HSK 4 គឺអាចចូលរៀនឆ្នាំជំនាញបានភ្លាមៗ ប៉ុន្តែបើគ្មានទេ ត្រូវសិក្សាបំប៉នភាសាចិនរយៈពេល ១ឆ្នាំសិន។ ជាពិសេស កម្មវិធីអាហារូបករណ៍នេះគឺមិនតម្រូវឱ្យមាន CSCA Score Report ឡើយ។

ចំពោះឯកសារចាំបាច់ដែលត្រូវរៀបចំសម្រាប់ការដាក់ពាក្យ រួមមានទម្រង់បែបបទសុំពាក្យ (Application Form for International Students in China) លិខិតធានាទំនុកបម្រុងហិរញ្ញវត្ថុ និងលិខិតសន្យាទទួលខុសត្រូវលើសុវត្ថិភាព ដែលឯកសារទាំងបីនេះនឹងត្រូវផ្តល់ជូនដោយសមាគម។ បន្ថែមពីនេះ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងស្កេន (Scanned copy) នៃលិខិតឆ្លងដែនទំព័រដែលមានរូបថត និងព័ត៌មានផ្ទាល់ខ្លួន, សញ្ញាបត្របាក់ឌុប និងព្រឹត្តិបត្រពិន្ទុឆ្នាំចុងក្រោយដែលបានបកប្រែជាភាសាអង់គ្លេសរួចរាល់, រួមទាំងរូបថតឌីជីថលទំហំ ២ អ៊ីញ ផ្ទៃខាងក្រោយពណ៌ស។ ជាមួយគ្នានេះដែរ ក៏ត្រូវមានលិខិតពិនិត្យសុខភាព និងលិខិតបញ្ជាក់កិរិយាមាយាទមិនធ្លាប់មានទោសកំហុស (ជាភាសាអង់គ្លេស) ដែលឯកសារទាំងពីរនេះត្រូវតែចេញក្នុងរង្វង់ ៦ខែចុងក្រោយ។ ដោយឡែក សម្រាប់អ្នកដាក់ពាក្យកម្មវិធីភាសាអង់គ្លេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាដូចជា IELTS ចាប់ពី ៥.៥ ឬ TOEFL ចាប់ពី ៦០ ឡើងទៅ ប៉ុន្តែប្រសិនបើគ្មានវិញ្ញាបនបត្រទាំងនេះទេ បេក្ខជនក៏អាចជ្រើសរើសធ្វើការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេសផ្ទាល់ (On-campus English proficiency test) របស់សាលាបានផងដែរ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចរៀបចំផ្ញើឯកសារទាំងអស់ជាទម្រង់ PDF តាមរយៈតេឡេក្រាមរបស់សមាគម (ACSC Telegram: 099 985 987) ឬក៏អាចអញ្ជើញទៅទំនាក់ទំនងផ្ទាល់នៅការិយាល័យ ACSC ដែលមានទីតាំងស្ថិតនៅជាន់ទី៣ បន្ទប់លេខ ០០៤/០០៥/០០៦ ក្នុងអគារសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាដំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង