ថៃ៖ ក្រសួងដឹកជញ្ជូនថៃ បានចាប់ផ្តើមពិនិត្យលើវិធានការដោះស្រាយវិបត្តិអត់ការងារធ្វើដ៏គួរឱ្យព្រួយបារម្ភ របស់ក្រុមអ្នកបើកបរយន្តហោះ (Pilots) ជនជាតិថៃ បន្ទាប់ពីទិន្នន័យចុងក្រោយបង្ហាញថា មានអ្នកបើកបរយន្តហោះរហូតដល់ ១,៧៣៦ នាក់កំពុងគ្មានការងារធ្វើ និង ១,២១៩ នាក់ទៀតកំពុងរង់ចាំឱកាសការងារ ក្នុងស្ថានភាពដែលទីផ្សារកម្លាំងពលកម្មផ្នែកនេះកំពុងលើសតម្រូវការ (Oversupply) យ៉ាងខ្លាំង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer លោក ភ័ទ្រពង្ស ភ័ទ្រប្រសិទ្ធ (Phattrapong Phattraprasit) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានគូសបញ្ជាក់ថា វិបត្តិនេះបានស្តែងឱ្យឃើញពីបញ្ហាមួយចំនួន រួមមានការហូរចូលនៃអ្នកបើកបរយន្តហោះបរទេស និងការអនុវត្តប្រព័ន្ធរើសបុគ្គលិកដ៏ចម្រូងចម្រាសមួយ ដែលត្រូវបានគេហៅថា «បង់លុយដើម្បីបានហោះហើរ» (Pay to Fly)។
សមាគមអ្នកបើកបរយន្តហោះថៃ បានទម្លាយឱ្យដឹងថា ប្រព័ន្ធ «Pay to Fly» នេះ បានបង្ខំឱ្យបេក្ខជនដែលមានបំណងចង់ក្លាយជាអ្នកបើកបរយន្តហោះ ត្រូវចំណាយលុយផ្ទាល់ខ្លួនរហូតដល់ទៅជាង ៦ លានបាត (ប្រមាណ ១៦ ម៉ឺនដុល្លារអាម៉េរិក) សម្រាប់ថ្លៃហ្វឹកហ្វឺនហោះហើរពាណិជ្ជកម្ម និងថ្លៃវិញ្ញាបនបត្របញ្ជាក់ការបើកបរយន្តហោះជាក់លាក់ (Type-rating certification) ទើបក្រុមហ៊ុនអាកាសចរណ៍ព្រមទទួលយកឱ្យចូលធ្វើការ។ សមាគមបានព្រមានថា ការអនុវត្តបែបនេះមិនត្រឹមតែបង្កើតរបាំងអយុត្តិធម៌សម្រាប់បេក្ខជនដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជះឥទ្ធិពលអវិជ្ជមានដល់សុវត្ថិភាពហោះហើរផងដែរ ដោយសារតែអ្នកបើកបរយន្តហោះវ័យក្មេងត្រូវរស់នៅក្រោមសម្ពាធផ្លូវចិត្ត និងផ្ទុកបំណុលធ្ងន់ធ្ងរ។
ដើម្បីដោះស្រាយបញ្ហា សមាគមបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ រឹតបន្តឹងលើប្រព័ន្ធ «Pay to Fly» បង្កើនកិច្ចការពារកម្លាំងពលកម្មក្នុងស្រុក ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់អាទិភាពដល់អ្នកបើកបរយន្តហោះជាតិ និងជម្រុញឱ្យមានការសម្របសម្រួលឱ្យបានហ្មត់ចត់រវាងសាលាបណ្តុះបណ្តាល និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីធានាថាការបណ្តុះបណ្តាលធនធានមនុស្សដើរស្របគ្នាទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។
ជាការឆ្លើយតប ក្រសួងដឹកជញ្ជូនថៃបានបញ្ជាក់ថា ខ្លួននឹងយកសំណើទាំងអស់នេះទៅពិចារណាដោយយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ភាពយុត្តិធម៌ក្នុងការរើសបុគ្គលិក និងគាំទ្រដល់សមត្ថភាពប្រកួតប្រជែងរយៈពេលវែងនៃវិស័យអាកាសចរណ៍ជាតិថៃទាំងមូល៕