Img 1426
Swift cc time

ចិនបង្អួតពីទស្សនីយភាព «ទឹកជ្រោះពពក» ដ៏កម្រ បង្ហាញខ្លួននៅតំបន់ទេសចរណ៍ «សិនណុងជា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ បានផ្សព្វផ្សាយពីទស្សនីយភាព «ទឹកជ្រោះពពក» ដ៏កម្រ បង្ហាញខ្លួននៅតំបន់ទេសចរណ៍ «សិនណុងជា» និង ពិពណ៌នាថាសម្រាប់អ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្តបែបធម្មជាតិ ប្រទេសចិន គឺជាជម្រើសដ៏ល្អសម្រាប់អ្នកក្នុងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ តំបន់ទេសភាព សិនណុងជា (Shennongjia) ជាឋានសួគ៌បៃតងដ៏ល្បីល្បាញ ស្ថិតក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលនៃប្រទេសចិន បានលេចត្រដែតឡើងវិញ ជាមួយទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង ទាក់ភ្នែក នៃជួរភ្នំពណ៌បៃតងខ្ចី លាយឡំជាមួយនឹងសមុទ្រពពកយ៉ាងក្រាស់ឃ្មឹកអណ្តែតត្រសែត។

នៅលើកំពូលភ្នំ សិនណុង ជាទីតាំងស្នូល និង ជាកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតនៃតំបន់នេះ គេអាចមើលឃើញស្រទាប់ពពកយ៉ាងក្រាស់កំពុងបក់បោក និង វិលវង់ជុំវិញជួរភ្នំដែលខ្ពស់ទាបរលកលំដាប់។ ក្រោយពេលទទឹកជោកដោយតំណក់ទឹកភ្លៀងថ្មីៗ ព្រៃព្រឹក្សានានាបានបញ្ចេញពណ៌បៃតងស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពរដូវក្តៅដ៏ស្រស់បំព្រង និងគួរឱ្យស្ញប់ស្ញែងបំផុត សម្រាប់អ្នកមកទស្សនាផ្ទាល់។

រូបភាពផ្តិតបានពីដ្រូន (Drone) នៅលើតំបន់ដីសើមនៃបឹង តាជូ (Dajiu Lake) ជាតំបន់ខ្ពង់រាបដ៏ល្បីល្បាញក្នុងតំបន់សិនណុងជា បានបង្ហាញពីទិដ្ឋភាពដ៏រំភើបញាប់ញ័រ ដោយផ្ទាំងពពកដ៏ក្រាស់ឃ្មឹកបានហៀរហូរធ្លាក់ពីលើកំពូលភ្នំ មើលទៅដូចជា «ទឹកជ្រោះពពក» ដ៏មានឥទ្ធិពល កំពុងបោកបក់ចុះមកក្រោម និងផ្សព្វផ្សាយពាសពេញជ្រលងភ្នំ។

ជាទូទៅ តំបន់ទេសចរណ៍ធម្មជាតិ សិនណុងជា តែងតែមានភ្លៀងធ្លាក់យ៉ាងជោកជាំក្នុងរដូវក្តៅ ហើយសមុទ្រពពកតែងតែលេចឡើងភ្លាមៗបន្ទាប់ពីភ្លៀងរាំង។ បាតុភូតសមុទ្រពពក ដែលមានទំហំដ៏ធំធេង និងមានចលនាហូរធ្លាក់ដូចទឹកជ្រោះដ៏ខ្លាំងក្លាបែបនេះ គឺកម្រនឹងកើតមានណាស់ ហើយត្រូវបានចាត់ទុកថាជា «អច្ឆរិយៈធម្មជាតិ» ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកថតរូបរាប់ម៉ឺននាក់ឱ្យមកទស្សនាកម្សាន្ត៕

Khcct banner

អត្ថបទទាក់ទង