Img 1426
Swift cc time

យុវជន ៦៥រូប បំពេញបេសកកម្មមនុស្សធម៌ក្នុងខេត្តចំនួន៣ ពង្រឹងទំនាក់ទំនងរវាងយុវជន និងសហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ និស្សិត៦៥រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានចូលរួមក្នុងយុទ្ធនាការ រដូវការបៃតង និងធ្វើសកម្មភាពដែលចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈដំណើរទស្សនកិច្ចសិក្សា ៤ ថ្ងៃក្រោមប្រធានបទ៖ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព » ក្នុងខេត្តចំនួន៣ រួមមាន កំពង់ស្ពឺ កោះកុង និងព្រះសីហនុ។

 

កញ្ញា លី ល័ងស៊ីម ជានិស្សិតឆ្នាំទី ៤ ដែលជាអ្នករៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សា «Éco Legacy Study Trip 2026» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ដំណើរទស្សនកិច្ចរយះពេល ៤ ថ្ងៃ ៣ យប់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែឧសភា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង បណ្តុះស្មារតីកុមារដោយផ្តល់តម្លៃលើការសិក្សា ព្រមទាំងមានការស្តារសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ ដោយចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍អេកូឡូស៊ី និងជំរុញសេដ្ឋកិច្ចសហគ្រាសក្នុងសហគមន៍។បន្ថែមពីនេះទៅទៀត ក៍ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងយុវជន និងចូលរួមបង្កើតផលវិជ្ជមានជានិរន្តភាព ទៅកាន់ខេត្តកំពង់ស្ពឺ កោះកុង និងព្រះសីហនុ។​

 

តាមរយៈដំណើរការទស្សនកិច្ចសិក្សានេះ និស្សិត ៦៥ រូប បានចូលរួមនូវសកម្មភាពមួយចំនួនដូចជា៖ ចែកជូនសម្ភារៈសិក្សាដល់សិស្សសាលាព្រៃជុំចំនួន ២៧៦នាក់ ទឹកសុទ្ធ Hi- Tech សម្ភារៈក្នុងការិយាល័យ និងធុងសំរាមរបស់ Green Miracle ដែលត្រូវបានកែច្នៃឡើងវិញពីប្លាស្ទិក និងឧបត្ថម្ភទឹកប្រាក់មួយចំនួនជូនទៅតំណាងសាលា។

 

ក្រៅពីការផ្តល់ជូនសម្ភារៈ យុវជនទាំង៦៥នាក់ បានចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃប្លាស្ទិក ក្រោមការសហការជាមួយ Green miracle ទៅកាន់សិស្សានុសិស្ស ចាប់ពីទីមត្តេយ្យដល់ថ្នាក់ទី ៥ នៅសាលាព្រៃជុំ ក្នុងខេត្តកំពង់ស្ពឺ។ សកម្មភាពចែករំលែកចំណេះដឹងមានដូចជា៖ ចែករំលែកពីប្រវត្តិនៃប្លាស្ទិក ផលប៉ះពាល់ប្លាស្ទិកទៅកាន់ទឹក ដី និងអាកាសធាតុ និងការណែនាំពី”យុទ្ធនាការ ៤ក “របស់ក្រសួងបរិស្ថានដូចជា៖ ការបដិសេធ, ការកាត់បន្ថយ,ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ”ដើម្បីចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។

បន្ទាប់មកយុវជនបានបន្តដំណើរទៅកាន់អង្គការសមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ (Hopeful Association of the Poor) ដើម្បីបរិច្ចាគសម្ភារៈសិក្សា,គ្រឿងឧបភោគទឹក សម្ភារៈចាំបាច់ផ្សេងៗ​និងថវិកាដើម្បីចូលរួម គាំទ្រទៅមណ្ឌល ជំរុញការអភិវឌ្ឍចំណេះដឹង និងបង្កើតឱកាសសម្រាប់កុមារដែលកំពុងត្រូវការការគាំទ្រ ការលើកកម្ពស់អាហារូបត្ថម្ភ អនាម័យដែលជួយបង្កើនសុខមាលភាពរបស់កុមារ។​

 

និស្សិតក្រុមនេះនាថ្ងៃទី២៩ បានរៀបចំកម្មវិធីហ្គេម Team Building នៅលើ​កោះសាវា​​​​ដែលមានការចូលរួមរវាងនិស្សិតឆ្នាំ២,៣,៤ និងអតីតនិស្សិតដោយហ្គេមនេះចែកចេញជា៩ក្រុមដោយក្រុមនីមួយៗត្រូវបំពេញ Mission ចំនួន៥ទីតាំងដែលមាននៅក្នុងផែនទីដោយកន្លែងនីមួយៗមានដូចជា ៖ ការឆ្លើយសំណួរអំពីសមាជិកក្រុមនីមួយៗ (Answer the question) ការដោះសោរ (Unlock the key) ការថតរូបតាមគំរូ (Group Photo replication ) ការនិយាយពាក្យដដែលកុំឲខុស (Repeat Word) និងការដោះប្រាស្នា(Solve the riddle game) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរបស់និស្សិតទាំង៣ជំនាន់ និងអតីតនិស្សិត​​ និងបណ្តុះជំនាញទន់តាមរយ:ការទំនាក់ទំនងក្នុងក្រុម,ការធ្វើការងារជាក្រុម និងការប្រើប្រាស់យុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហា ដែលជាការហ្វឹកហាត់ដល់និស្សិតឪ្យមានជំនាញទន់និងការអភិវឌ្ឍខ្លួននាពេលអនាគត។

 

បើតាមកញ្ញា​​​ លី ល័ងស៊ីម ​គោលដៅចុងក្រោយនៃដំណើរទស្សនៈកិច្ចនេះគឺនៅសាលាអង្គរភ្នំខ្លុង នៅខេត្តកោះកុង និស្សិតបានចូលរួមធ្វើសកម្មភាព “យុទ្ធនាការដាំដើមឈើតាមដងផ្លូវនិងក្នុងសាលា” ។ យុទ្ធនាការនេះគឺជាការចូលរួមចំណែកការពារបរិស្ថាននិងថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីក្នុងសហគមន៍ដែលផ្តល់ផលប្រយោជន៍រួមទាំងសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រកបដោយនិរន្តភាព។

 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះមានការគាំទ្រពីដេប៉ាតឺម៉ង់បារាំងផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រួមទាំងក្រសួងទេសចរណ៍ (យុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង), សាលាភូមិន្ទរដ្ឋបាល (ERA), ក្រុមអតីតនិស្សិត Filière Éco អាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរក្រសួងទេសចរណ៍ខេត្តកោះកុង និងស្ថាប័នឯកជនផ្សេងៗទៀត។ ដំណើរទស្សនកិច្ចសិក្សានេះមានសារៈសំខាន់ណាស់ដោយវាជាមធ្យោបាយដ៍ល្អក្នុងការបណ្តុះស្មារតីយុវជនក្រោយពីការសិក្សាផ្ទាល់ក្នុងថ្នាក់និស្សិតបានចូលរួមអនុវត្តន៍សកម្មភាពដែលមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ទៅកាន់សហគមន៍វិញ និងបង្កើនការយល់ដឹងបន្ថែមពីសេដ្ឋកិច្ចជាតិ តាមរយៈតំបន់ទេសចរណ៍ក្នុងស្រុកព្រមទាំងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងយុវជន និងសហគមន៍៕


Khcct banner

អត្ថបទទាក់ទង