Img 1426
Swift cc time

រុស្ស៊ីជួយមីយ៉ាន់ម៉ា សង់រោងចក្រថាមពលនៅតំបន់សេដ្ឋកិច្ចពិសេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា និងប្រទេសរុស្ស៊ី កាលពីថ្ងៃ៥មិថុនាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសាងសង់រោងចក្រថាមពលអគ្គិសនីមួយ នៅតំបន់កំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសទ្វេ (Dawei SEZ) ដែលបានគាំងស្ទះអស់រយៈពេលយ៉ាងយូរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសាំងពីទ័របឺគ ប្រទេសរុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា ដឹកនាំដោយអនុប្រធានាធិបតី លោក ញ៉ូ សរ (Nyo Saw) ដើម្បីស្តារតំបន់ឧស្សាហកម្មដ៏ធំមួយនេះឡើងវិញ។

យោងតាមការចេញផ្សាយរបស់កាសែត Irrawaddy កិច្ចព្រមព្រៀងថ្មីនេះ រួមមានផែនការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម រោងចក្រចម្រាញ់ប្រេង និងការអភិវឌ្ឍកំពង់ផែទឹកជ្រៅដែលអាចផ្ទុកនាវាធុនធ្ងន់បានជាង ២០០,០០០ តោន។ ក្រៅពីវិស័យថាមពល ភាគីទាំងពីរក៏បានជជែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការបញ្ជូនពលករមីយ៉ាន់ម៉ាទៅធ្វើការនៅរុស្ស៊ីផងដែរ។

ក្រុមអ្នកវិភាគបានចោទសួរពីលទ្ធភាពជាក់ស្តែង ដែលរុស្សីពិតជាហ៊ានបោះទុនរាប់ពាន់លានដុល្លារទៅលើគម្រោងនេះដែរឬទេ ខណៈដែលតំបន់ Dawei ទាំងមូល កំពុងស្ថិតក្នុងហានិភ័យខ្ពស់ និងងាយរងគ្រោះដោយសារការវាយប្រហារជាបន្តបន្ទាប់ពីក្រុមប្រដាប់អាវុធប្រឆាំងរបបសឹក។

គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរបបសឹកមីយ៉ាន់ម៉ា និងរុស្ស៊ី បានរីកដុះដាលយ៉ាងលឿន ចាប់តាំងពីការជួញដូរអាវុធ រហូតដល់វិស័យការទូត ពាណិជ្ជកម្ម និងថាមពលនុយក្លេអ៊ែរ៕

Khcct banner

អត្ថបទទាក់ទង