ភ្នំពេញ៖ អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ក្នុងតម្លៃប្រមាណ ៥,២ លានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ អាគារនេះ នឹងក្លាយជាការធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវាសុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅធ្វើឱ្យប្រសើរឡើងសុខភាពកុមារ និងសុខុមាលភាពប្រជាជនកម្ពុជា។
អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រូវសាងសង់នាពេលនេះ មានទំហំ ៣ ២៨៧ ម៉ែត្រការ៉េ បណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់ ២០.៤ ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខារចាំបាច់ ដែលសរុបជាទឹកប្រាក់ចំនួន ៥,២០០,០០០ ដុល្លាអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ក្នុងគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារ។
បើតាមក្រសួងសុខាភិបាល អាគារនេះនឹងក្លាយជាការធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវាសុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅធ្វើឱ្យប្រសើរឡើងសុខភាពកុមារ និងសុខុមាលភាពប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមពី លោក Tai MZ. Benjamin ប្រធានប្រចាំតំបន់អាស៊ីនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕