ក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តាម័រ (Keir Starmer) នាថ្ងៃ១៥មិថុនានេះ បានប្រកាសពីផែនការដាក់បម្រាមទាំងស្រុងមិនឱ្យកុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម ព្រមទាំងរឹតបន្តឹងលើផ្លែតហ្វមហ្គេម និងការឡាយស្រ្ទីម (Livestreaming) ដើម្បីការពារសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ។បម្រាមនេះក៏នឹងគ្របដណ្តប់លើផ្លែតហ្វមល្បីៗជាច្រើន រួមមាន Snapchat, TikTok, YouTube, Instagram, Facebook និង X (Twitter)។ប៉ុន្តែ អាជ្ញាធរអង់គ្លេសមិនទាន់បានបញ្ចេញបញ្ជីឈ្មោះផ្លែតហ្វមទាំងអស់ជាផ្លូវការនៅឡើយទេ។
យោងតាមការចេញផ្សាយរបស់កាសែតBBC លោកគៀ ស្តាម័រ បានសង្កត់ធ្ងន់ថា នេះជាជម្រើសដ៏ត្រឹមត្រូវ បើទោះបីជាត្រូវប្រឈមមុខនឹងឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗក៏ដោយ។
តាមរយៈការស្ទង់មតិប្រមូលមតិយោបល់ពីការឆ្លើយតបជាង ១១៦,០០០ គឺមានមាតាបិតារហូតដល់ ៩០% បានសម្តែងការគាំទ្រពេញទំហឹងចំពោះការកំណត់អាយុចាប់ពី ១៦ឆ្នាំឡើងទៅនេះ ដោយសារពួកគេយល់ថាបណ្តាញសង្គមផ្តល់ហានិភ័យច្រើនជាងផលប្រយោជន៍។
រដ្ឋាភិបាលអង់គ្លេសក៏កំពុងសិក្សាលើការដាក់ «ម៉ោងបម្រាមគោចរអនឡាញ» (Curfews) ដើម្បីទប់ស្កាត់យុវវ័យដែលមានអាយុ ១៦ និង ១៧ឆ្នាំ មិនឱ្យបើកមើលបណ្តាញសង្គមដល់យប់ជ្រៅ ដែលសេចក្តីលម្អិតបន្ថែម នឹងត្រូវប្រកាសនៅក្នុងខែកក្កដាខាងមុខ។ លើសពីនេះ រាល់មុខងាររឹតបន្តឹងលើការឡាយស្រ្ទីម និងការទប់ស្កាត់មិនឱ្យជនប្លែកមុខអាចទាក់ទងមកកុមារបាន នឹងត្រូវកំណត់ឱ្យបើកដំណើរការជាស្វ័យប្រវត្តិ (Turned on by default) សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៧ឆ្នាំ។
ផែនការបម្រាមនេះកំពុងរងការជជែកដេញដោល ពីអ្នកចិត្តវិទ្យា និងអ្នកស្រាវជ្រាវមួយចំនួនបានលើកឡើងថា មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា វិធានការបិទខ្ទប់ទាំងស្រុងបែបនេះនឹងទទួលបានប្រសិទ្ធភាពពិតប្រាកដនោះឡើយ។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានសិក្សាពីគំរូនៃប្រទេសអូស្ត្រាលី ដែលបានអនុវត្តបម្រាមស្រដៀងគ្នានេះកាលពីឆ្នាំមុន៕