ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដើម្បីដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៦ ក្នុងគោលបំណងថែរក្សា លើកកម្ពស់ និងជំរុញវិស័យអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។ ការប្រកួតនេះត្រូវបានបើកទូលាយក្រោមប្រធានបទសេរី ប៉ុន្តែត្រូវគោរពតាមលក្ខណៈសម្បត្តិសំខាន់ៗដែលក្រសួងបានកំណត់។
យោងតាមសេចក្តីជូនដំណឹង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាដៃនីមួយៗត្រូវតែបង្កប់នូវអត្ថន័យដែលផ្ដោតលើសច្ចធម៌ សីលធម៌ និងគុណធម៌ រួមជាមួយអត្ថរូបដែលមានវិធីតែងនិពន្ធ និងរចនាបថប្រកបដោយសិល្ប៍សោភ័ណ។ បន្ថែមលើនេះ អត្ថរសនៃអត្ថបទត្រូវតែបង្ហាញពីការអប់រំ ការអភិវឌ្ឍ និងការរក្សានូវតម្លៃអត្តសញ្ញាណជាតិ។
បើតាមប្រភពដដែល បេក្ខជនម្នាក់ៗមានសិទ្ធិដាក់ស្នាដៃប្រកួតបានចំនួន ២ ស្នាដៃ ដែលរួមមានប្រលោមលោកខ្នាតខ្លីមួយ និងកំណាព្យរឿងមួយ។ រាល់ស្នាដៃដែលដាក់ពាក្យត្រូវតែជាស្នាដៃថ្មីដែលមិនធ្លាប់បានទទួលជ័យលាភី ឬបោះពុម្ពផ្សាយពីមុនមកឡើយ។ អត្ថបទត្រូវសរសេរលើក្រដាសទំហំ A4 ដែលមានកម្រាស់ចាប់ពី ១៥ ទៅ ៣០ ទំព័រ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ Khmer OS Siemreap ទំហំ ១២។ សម្រាប់ការប្រើប្រាស់អក្ខរាវិរុទ្ធវិញ បេក្ខជនត្រូវអនុវត្តតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត និងសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
ក្រសួងបានកំណត់កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីល្ងាចជាកំហិត។ បេក្ខជនអាចយកស្នាដៃទៅប្រគល់ដោយផ្ទាល់នៅនាយកដ្ឋានសៀវភៅ និងការអាន ដែលមានអាសយដ្ឋាននៅអាគារលេខ ៤៤ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬផ្ញើតាមរយៈកម្មវិធី Telegram ទៅកាន់លេខ 011 850 095, 012 801 122 និង 098 668 977។
គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ ១ ដល់លេខ ៣ នឹងទទួលបានពានរង្វាន់មាស ប្រាក់ និងសំរឹទ្ធ ទៅតាមចំណាត់ថ្នាក់នីមួយៗ រួមជាមួយបណ្ណសរសើរ និងទឹកប្រាក់រង្វាន់។ ចំណែកឯម្ចាស់ជ័យលាភីកិត្តិយសលេខ ៤ និងលេខ ៥ ក៏នឹងទទួលបានបណ្ណកិត្តិយស និងទឹកប្រាក់លើកទឹកចិត្តផងដែរ៕