ប៉េកាំង៖ យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCGTN បានឱ្យដឹងថា មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នាថ្ងៃច័ន្ទនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសចិន ចាប់តាំងពីលោកត្រូវបានជ្រើសរើសជាប្រធានាធិបតី។
ក្នុងអំឡុងពេលទស្សនកិច្ចនៅសប្តាហ៍នេះ លោក មីន អ៊ុងឡាំង នឹងជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង។ លោកក៏នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំលំដាប់ទី២ និងទី៣ របស់ចិន គឺលោកនាយករដ្ឋមន្ត្រី លី ឈាំង (Li Qiang) និងលោក ចៅ ឡឺជី (Zhao Leji) ប្រធានសភាចិនផងដែរ។
គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង វ័យ ៦៩ឆ្នាំ ជាអតីតមេដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារឆ្នាំ២០២១ ទម្លាក់លោកស្រី អ៊ុងសានស៊ូជីប្រមុខបក្សប្រជាធិបតេយ្យដ៏ធំរបស់មីយ៉ាន់ម៉ា។ ថ្មីៗនេះ លោកត្រូវបានសភាមីយ៉ាន់ម៉ាតែងតាំងជាប្រធានាធិបតីថ្មីកាលពីដើមខែមេសា។ ការផ្លាស់ប្តូរតំណែងពីមេទ័ពកំពូលមកជាប្រធានាធិបតីស៊ីវិល ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួនរិះគន់ និងថ្កោលទោសថាជាការលើកបន្តុបលោកដើម្បីរក្សាអំណាចបន្ត៕