កុងហ្គោ៖ អាជ្ញាធរសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសថា ចំនួនអ្នកឆ្លងវីរុសអេបូឡាប្រភេទ Bundibugyo ក្នុងរលកផ្ទុះឡើងថ្មីនេះ បានកើនឡើងដល់ ៧៨២នាក់ហើយ ក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន ១៧៨នាក់។ ការផ្ទុះឡើងនេះបាននិងកំពុងរីករាលដាលយ៉ាងលឿន ដោយបានវាយប្រហារចូលទៅដល់តំបន់សុខាភិបាលចំនួន ៣១ គ្របដណ្តប់លើខេត្តចំនួនបី រួមមានខេត្តអ៊ីទូរី (Ituri) គីវូខាងជើង និងគីវូខាងត្បូង។
យោងតាមការចេញផ្សាយផ្សាយរបស់សារព័ត៌មាន Global Times គិតត្រឹមពេលនេះ មានអ្នកជំងឺចំនួន ៣៥៩នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានករណីសង្ស័យចំនួន ១៣៦ករណីផ្សេងទៀត (ស្លាប់ ៤៩នាក់) កំពុងស្ថិតក្រោមការតាមដាន។
យុទ្ធនាការទប់ស្កាត់ការរីករាលដាលនេះ កំពុងជួបប្រទះនឹងឧបសគ្គធំៗជាច្រើន ដូចជាការស្ទាក់ស្ទើររបស់ប្រជាពលរដ្ឋក្នុងការផ្តល់វត្ថុសំណាកពិនិត្យសាកសព ភាពទន់ខ្សោយក្នុងការស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ដោយអត្រាស្រាវជ្រាវសម្រេចបានត្រឹម ៥៦,៥% ធៀបនឹងគោលដៅ ៩៥%។ កង្វះខាតសម្ភារៈវេជ្ជសាស្ត្រការពារការឆ្លង និងជាពិសេសគឺការខ្វះខាតកញ្ចប់ថវិកាប្រតិបត្តិការប្រមាណ ២១,៥ លានដុល្លារអាម៉េរិក៕