មីសស៊ូរី៖ យន្តហោះឯកជនមួយគ្រឿងដែលដឹកក្រុមអ្នកលោតឆត្រយោង បានធ្លាក់នៅក្នុងរដ្ឋមីសស៊ូរី (Missouri) ដោយបានបណ្តាលឲ្យមនុស្សទាំងអស់នៅលើនោះចំនួន ១២នាក់ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅជិតព្រលានយន្តហោះ Butler Memorial ដែលស្ថិតនៅចម្ងាយប្រមាណ ៦០ម៉ាយល៍ (១០០គីឡូម៉ែត្រ) ភាគខាងត្បូងទីក្រុង Kansas ភ្លាមៗបន្ទាប់ពីយន្តហោះបានហោះហើរឡើង។ យន្តហោះគ្រោះថ្នាក់មួយគ្រឿងនេះ ត្រូវបានគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនលោតឆត្រយោង Skydive Kansas City។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរសហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MSN បានរាយការណ៍ថាក្រុមហ៊ុនលោតឆត្រយោងខាងលើបានចេញសេចក្តីថ្លែងការណ៍ទាំងក្តីរំជួលចិត្តថា៖ «ជារឿងដ៏ខ្លោចផ្សាបំផុត មនុស្សទាំងអស់សរុប ១២នាក់នៅលើលើយន្តហោះ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នេះ»។
លោក ដេននិស ជេកុបស៍ (Dennis Jacobs) ប្រធានស្តីទីនៃព្រលានយន្តហោះ Butler Memorial បានរៀបរាប់ឱ្យដឹងថា យន្តហោះនេះមិនអាចហោះឡើងយកកម្ពស់បានឡើយក្រោយពេលហោះចេញ ហើយបានបត់ឆ្វេងយ៉ាងគំហុកមុនពេលធ្លាក់បោកទង្គិចនឹងដី។ លោកបានសន្និដ្ឋានថា អ្នកបើកបរយន្តហោះប្រហែលជាបានព្យាយាមធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េ ប៉ុន្តែមិនបានសម្រេច។ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ ក៏មានអ្នកបើកបរយន្តហោះ (ពីឡុត) ម្នាក់ផងដែរ។
បច្ចុប្បន្ន មូលហេតុពិតប្រាកដនៃការធ្លាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញ ប៉ុន្តែ សមត្ថកិច្ចរដ្ឋសស៊ូរីជឿជាក់ថា វាគឺជាគ្រោះថ្នាក់ចៃដន្យដែលមិនមានការពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ៕