Img 1426
Swift cc time

និស្សិត DMC ផ្តួចផ្តើម «ក្រហមផតខាស» ដើម្បីផ្សារភ្ជាប់យុវជនកម្ពុជាជាមួយប្រវិត្ដសាស្ដ្រខ្មែរក្រហម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ជំនាន់ទី២៣ បានសហការជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ បានរៀបចំពិធីសម្ពោធ (Soft Launch) នៃក្រហមផតខាស ដែលជាកម្មវិធីផតខាស មានឯកសារសំឡេងចំនួន ១២ ភាគ ដើម្បីផ្សារភ្ជាប់យុវជនកម្ពុជាជាមួយប្រវិត្ដសាស្ដ្រខ្មែរក្រហមតាមរយៈបទយកការណ៍ជាសំឡេងបែបឯកសារ។

ក្រហម ផតខាស គឺជាសមិទ្ធផលនៃកម្មវិធីសិក្សារួមគ្នារវាងសារព័ត៌មានសោតទស្សន៍ (Broadcast Journalism) និង ផលិតកម្មសំឡេង និងផតខាស (Audio & Podcast Production)។ តាមរយៈកិច្ចសហការនេះ និស្សិតបាន ចងក្រងរឿងរ៉ាវ ដោយផ្អែកលើការស្រាវជ្រាវបែបសារព័ត៌មាន រួមទាំងដំណើរការបច្ចេកទេស និងការច្នៃប្រឌិត ក្នុងការផលិតរឿងជាសំឡេង។ គម្រោងនេះបានបង្ហាញអំពីការរួមចំណែកការអប់រំផ្នែកសារព័ត៌មាន ក្នុងការបង្កើន ការយល់ដឹងសាធារណៈអំពីប្រវត្តិសាស្ត្រកម្ពុជា ដោយធ្វើឲ្យប្រធានបទដែលស្មុគស្មាញ និងមានភាពរសើប ក្លាយជាមាតិកាដែលយុវជនអាចចូលស្ដាប់ និងស្វែងយល់បានតាមរយៈផតខាស។

ក្រោមប្រធានបទ «ស្តាប់រួមគ្នា គិតពិចារណាដោយខ្លួនឯង» (Listen Collectively, Reflect Individually) ពិធីសម្ពោធនេះបានដាក់បង្ហាញផតខាសមួយដែលជាស្នាដៃរបស់និស្សិត ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងផលប៉ះពាល់នៃរបបខ្មែរក្រហម តាមរយៈសក្ខីកម្មរបស់អ្នករស់រានមានជីវិត កំណត់ហេតុប្រវត្តិសាស្ត្រ និងឯកសារបណ្ណសាររបស់ អ.វ.ត.ក.។ ផតខាសនេះ ត្រូវបានផលិតដោយនិស្សិត DMC ជំនាន់ទី២៣ និងបានចុះផ្សាយរួមគ្នាក្រោមគេហទំព័រ DMC Media Lab ដែលជាគេហទំព័រផ្សព្វផ្សាយស្នាដៃរបស់និស្សិត។

កម្មវិធីផតខាសនេះ មិនត្រឹមតែធ្វើការគោរពដល់ភាពអត់ធ្មត់ និងភាពរឹងមាំរបស់ជនរងគ្រោះ នៃរបបខ្មែរក្រហម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តការចងចាំអំពីប្រវត្តិសាស្ត្រ តាមរយៈការរៀបរាប់រឿងរ៉ាវ តាមបែបឌីជីថល ដែលជាមធ្យោយបាយផ្សព្វផ្សាយ ទាក់ទាញ និងងាយស្ដាប់ សម្រាប់យុវជនជំនាន់ក្រោយ។

ស្របគ្នាជាមួយនឹងទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ ២០២៦ (International Archives Week) កម្មវិធី សម្ពោធនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃបណ្ណសារក្នុងការអភិរក្សការចងចាំ លើកកម្ពស់ការយល់ដឹងអំពី ប្រវត្តិសាស្ត្រ និងជំរុញកិច្ចសន្ទនារអន្ដរជំនាន់។ ផតខាសនេះ បានបំលែងឯកសារបណ្ណសារ នៃដំណើរការកាត់ទោសដ៏ស្មុគស្មាញ ឱ្យទៅជាសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ និងងាយយល់ ដើម្បីជួយឱ្យយុវជនអាចស្វែងយល់ និងភ្ជាប់ទំនាក់ទំនង ជាមួយអតីតកាលរបស់កម្ពុជា តាមរយៈទម្រង់មាតិកា ដែលពេញនិយមប្រើប្រាស់ក្នុងចំណោមយុវជនជំនាន់ក្រោយ (Gen Z)។

កម្មវិធី «ក្រហមផតខាស» រដូវកាលទីមួយនេះ ផ្តោតលើប្រធានបទ «គោលបំណងរួមរបស់ខ្មែរក្រហម» ដែលជាការរកឃើញរបស់តុលាការខ្មែរក្រហម អំពីគោលនយោបាយដឹកនាំដែលមានលក្ខណៈឧក្រិដ្ឋធ្ងន់ធ្ងរ របស់មេដឹកនាំក្រហម។  គម្រោងនេះបានស្វែងយល់ពីរបៀបដែលបុគ្គល ស្ថាប័ន និងសហគមន៍បាន រួមចំណែកចងចាំដល់ប្រវតិ្ដសាស្រ្ដ និងការស្វែងរកយុត្តិធម៌។ ភាគនីមួយៗបានបញ្ចូលទាំងបរិបទប្រវត្តិសាស្ត្រ និងការនិទានសាច់រឿង ព្រមទាំងមានការរួមបញ្ចូលចំណុចពិសេសមួយគឺការឆ្លុះបញ្ចាំងរបស់ Gen Z ដែលលើក ទឹកចិត្តឱ្យយុវជនជំនាន់ថ្មីពិចារណាពី ផលវិបាកដែលនៅតែបន្តមានពីរបបខ្មែរក្រហមចំពោះសង្គមបច្ចុប្បន្ន។

ទន្ទឹមគ្នានេះ ការចាក់ផ្សាយជាលើកដំបូងនេះមានការដំឡើងកម្មវិធីស្តាប់អន្តរកម្ម ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតបទពិសោធន៍នៃការចែករំលែក និងការឆ្លុះបញ្ចាំង។ នៅក្នុងការសម្ពោធលើកដំបូងនេះដែរ អ្នកចូលរួមក៏មានឱកាសស្តាប់ផតខាសទាំង ១២ភាគ តាមរយ:ការស្កេន QR Code ផងដែរ។

តាមរយៈ ក្រហមផតខាស ក្រុមនិស្សិតផលិតករ បានលើកទឹកចិត្តឱ្យមានការគិតពិចារណាយ៉ាងជ្រាលជ្រៅអំពី ប្រវត្តិសាស្ត្រកម្ពុជា យុត្តិធម៌ ការទទួលខុសត្រូវ និងការចងចាំរួមរបស់សង្គម ព្រមទាំងបង្ហាញពីតួនាទីការរៀបរាប់ រឿងរ៉ាវតាមបែបឌីជីថល ក្នុងការសន្ទនាអន្ដរជំនាន់ និងការអប់រំសាធារណៈ៕


Khcct banner

អត្ថបទទាក់ទង