អ៊ឺរ៉ុប៖ មេដឹកនាំជុំវិញពិភពលោកបានស្វាគមន៍កិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រទេសអឺរ៉ុបមួយចំនួនបានបង្ហាញពីសញ្ញាថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីលើកទណ្ឌកម្មលើអ៊ីរ៉ង់ ជាថ្នូរនឹងការដែលប្រទេសនេះចាត់វិធានការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានសរសើរវាថាជាពេលវេលានៃឱកាសដើម្បីស្តារស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាពឡើយវិញ មេដឹកនាំបណ្តាលប្រទេសដដែលបញ្ជាក់ទៀតថាខ្លួនត្រៀមរួចជាស្រេចដើម្បីលើកទណ្ឌកម្មពាក់ព័ន្ធនាលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងជំហានច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បានដែលអ៊ីរ៉ង់បានធ្វើឡើងទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
យោងតាមកាសែត CNBC បានរាយការណ៍ថាក្រុមនេះ ដែលត្រូវបានគេស្គាល់ថាជា E4 សំដៅទៅលើសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយសម្ព័ន្ធភាពនៃប្រទេសអឺរ៉ុបចំនួនបួនគឺ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីបានអំពាវនាវឱ្យកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងទូលំទូលាយ ហើយត្រូវតែបើកច្រកសមុទ្រ ហ័រមូស ឡើងវិញជាបន្ទាន់ ជាមួយនឹងសេរីភាពនៃការធ្វើនាវាចរណ៍ដោយគ្មានលក្ខខណ្ឌ និងគ្មានការរឹតត្បិត។
ប្រទេសនៅអឺរ៉ុបបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរឡើយ អ៊ឺរ៉ុបថាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និង IAEA [ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ] ដើម្បីសម្រេចគោលដៅនេះ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បានស្វាគមន៍កិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបញ្ចប់សង្គ្រាម លោកថាច្រកសមុទ្រ ហ័រមូសដែលជាចំណុចស្ទះថាមពលដ៏សំខាន់មួយ ដែលត្រូវបានបិទកន្លងទៅត្រូវតែបើកចំហរយ៉ាងពេញលេញ និងជាអចិន្ត្រៃយ៍វិញ។
លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានស្វាគមន៍កិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍។ លោកស្រី Takaichi បានមានប្រសាសន៍ថា «យើងសង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនេះនឹងត្រូវបានអនុវត្តជាលំដាប់ ការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាពនៅក្នុងច្រកសមុទ្រ ហ័រមូស នឹងត្រូវបានធានាយ៉ាងពិតប្រាកដ ហើយកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀតនឹងត្រូវបានសម្រេចឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអបអរសាទរដល់ភាគីជម្លោះនានាចំពោះកិច្ចព្រមព្រៀងនេះដោយលោកបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី លោកបានសម្តែងការកោតសរសើរចំពោះតួនាទីដែលដើរតួដោយប្រទេសប៉ាគីស្ថាន កាតា និងប្រទេសមជ្ឈិមបូព៌ាដទៃទៀតក្នុងការគាំទ្រដល់ការចរចា។
ក្រសួងការបរទេសនៅកាតាក៏បានសាទរចំពោះកិច្ចព្រមព្រៀងនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅវាថា "ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្រួបបង្រួមសន្តិភាពប្រកបដោយចីរភាព និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ"។
គួរកត់សម្គាល់ថាបើគ្មានអ្វីប្រែប្រួលនោះទេកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងអាម៉េរិក-អ៊ីរ៉ង់ និងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះដែលប្រទេសស្វីសនឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ៕