Img 1426
Swift cc time

ថៃកំណត់មុខរបរ ១០ប្រភេទ ហាមជនបរទេសដណ្តើមការងារពលរដ្ឋខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ថៃកំណត់មុខរបរ ១០ប្រភេទ ហាមជនបរទេសដណ្តើមការងារពលរដ្ឋខ្លួនធ្វើការទោះបីជាមានលិខិតឆ្លងដែន និងប័ណ្ណការងារ (Work Permit) ស្របច្បាប់ក៏ដោយការងារទាំង ១០ ដែលថៃហាមបរទេសធ្វើការនោះរួមមាន ការលក់ដូរចល័ត (លក់ដូរតាមចិញ្ចើមថ្នល់ ឬរុញរទេះ) សេវាកម្មកែសម្ផស្សនិងធ្វើក្រចក ម៉ាស្សាបែបថៃ (បូរាណនិងស្ប៉ា) ការបើកបរយានយន្តពាណិជ្ជកម្ម (លើកលែងតែការបើកបររថយន្តលើកទំនិញក្នុងរោងចក្រ) មគ្គុទ្ទេសក៍ទេសចរណ៍ ការងារច្បាប់ (មេធាវី ឬទីប្រឹក្សាច្បាប់) និងការងារផ្សេងៗទៀត។

យោងតាមក្រសួងការងារថៃ កាលពីថ្ងៃ១៤មិថុនា បានចេញសេចក្តីណែនាំដាស់តឿនដល់និយោជក និងពលករបរទេសទាំងអស់ កុំឱ្យមានការយល់ច្រឡំថា ការមានលិខិតឆ្លងដែន និងប័ណ្ណការងារ (Work Permit) ស្របច្បាប់ គឺអាចជ្រើសរើសធ្វើការងារអ្វីក៏បានតាមចិត្តក្នុងប្រទេសថៃ។ ក្រោមព្រះរាជក្រឹត្យគ្រាអាសន្នស្តីពីការគ្រប់គ្រងការធ្វើការងាររបស់ជនបរទេស ប្រទេសថៃបានកំណត់បញ្ជីមុខរបរចំនួន ១០ប្រភេទ ដែលហាមឃាត់ដាច់ខាតមិនឱ្យជនបរទេសធ្វើ ព្រោះជាប្រភេទការងារដែលត្រូវបានរក្សាទុកសម្រាប់តែពលរដ្ឋថៃប៉ុណ្ណោះ។

មុខរបរទាំងនោះរួមមាន៖ ការលក់ដូរចល័ត (លក់ដូរតាមចិញ្ចើមថ្នល់ ឬរុញរទេះ) សេវាកម្មកែសម្ផស្សនិងធ្វើក្រចក ម៉ាស្សាបែបថៃ (បូរាណនិងស្ប៉ា) ការបើកបរយានយន្តពាណិជ្ជកម្ម (លើកលែងតែការបើកបររថយន្តលើកទំនិញក្នុងរោងចក្រ) មគ្គុទ្ទេសក៍ទេសចរណ៍ ការងារច្បាប់ (មេធាវី ឬទីប្រឹក្សាច្បាប់) ការងារភ្នាក់ងារឬអ្នករត់ការកណ្តាល ការងារត្បាញក្រណាត់ដោយដៃ សិប្បកម្មកែច្នៃផ្សេងៗ (ឆ្លាក់ឈើ ឬធ្វើគ្រឿងប្រាក់-គ្រឿងមាស) និងការងារសន្តិសុខការពារទីតាំង។

អាជ្ញាធរថៃព្រមានថាជនបរទេសណាដែលល្មើសលួចធ្វើការងារទាំងនេះ មិនថាជាការងារស្នូល ឬការងារក្រៅម៉ោងនោះទេ នឹងត្រូវប្រឈមនឹងការផាកពិន័យចាប់ពី ៥.០០០ ដល់ ៥០.០០០បាត (ប្រហែល ១៥៣ដុល្លារ ដល់ជាង ១.៥០០ដុល្លារ) រួមទាំងត្រូវបណ្តេញចេញពីប្រទេស និងហាមឃាត់មិនឱ្យសុំប័ណ្ណការងារថ្មីរយៈពេល ២ឆ្នាំ។

សម្រាប់និយោជកវិញ ក៏ត្រូវប្រឈមនឹងការផាកពិន័យពី ១០.០០០ ដល់ ចូល ១០០.០០០បាត (ប្រហែល ៣០៧ដុល្លារ ដល់ ៣.០០០ដុល្លារ) ក្នុងពលករម្នាក់។ ក្នុងករណីបន្តប្រព្រឹត្តល្មើសដដែលៗ អាចត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ ឬពិន័យជាប្រាក់ពី ៥០.០០០ ដល់ ២០០.០០០បាត (ប្រហែល ១.៥០០ដុល្លារ ដល់ជាង ៦.០០០ដុល្លារ) ឬទទួលទណ្ឌកម្មទាំងពីរករណី ព្រមទាំងត្រូវហាមឃាត់មិនឱ្យជួលពលករបរទេសរយៈពេល ៣ឆ្នាំបន្ថែមទៀត។


Khcct banner

អត្ថបទទាក់ទង