ម៉ានីល៖ គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ នៅខេត្តសារ៉ង់ហ្គានី នៃប្រទេសហ្វីលីពីន (Sarangani) កាលពីថ្ងៃទី៨ ខែមិថុនា បានបណ្តាលឲ្យមានមនុស្សស្លាប់ឡើងដល់ ៦១នាក់ របួស ១៤០៣នាក់ និងបាត់ខ្លួន ៤០នាក់។ គ្រោះធម្មជាតិនេះ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋប្រមាណ ៧២,៤០០០នាក់ (ស្មើនឹង ១៧,៣០០០គ្រួសារ) ក្នុងនោះមានប្រជាពលរដ្ឋជិត ១០,០០០ នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA)។
តាមការវាយតម្លៃបឋម គ្រោះរញ្ជួយដីនេះបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៧២៥កន្លែង ដែលគិតជាទំហំទឹកប្រាក់មានប្រមាណ ១ពាន់លានហ្វីលីពីនប៉េសូ(ជិត ១៧,០០០ ដុល្លារអាម៉េរិក) រួមទាំងធ្វើឱ្យផ្ទះសម្បែងជាង ៥៤០០០ខ្នង រងការខូចខាត (ក្នុងនោះជិត ១០០០០ខ្នង រងការខូចខាតទាំងស្រុង)។
ជាការឆ្លើយតបបន្ទាន់ កងទ័ពជើងគោក ជើងអាកាស និងកងឆ្មាំសមុទ្រហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការចុះអន្តរាគមន៍ ដោយដឹកជញ្ជូនស្បៀងអាហារ ជំនួយវេជ្ជសាស្ត្រ និងដំឡើងប្រព័ន្ធចម្រោះទឹកស្អាតចល័ត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមសហគមន៍ដាច់ស្រយាល ដែលរងផលប៉ះពាល់ខ្លាំង៕