ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) បានប្រកាសចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដែលនឹងធ្វើឡើងនាថ្ងៃទី១៨ មិថុនាសប្តាហ៍នេះក្នុងប្រទេសរុស្ស៊ី នឹងក្លាយជាជំហានគន្លឹះពង្រឹងទំនាក់ទំនងទ្វេភាគី លោកថាកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី ដែលនឹងធ្វើឡើងនៅទីក្រុងកាហ្សាន (Kazan) នៃប្រទេសរុស្ស៊ី នឹងក្លាយជាជំហានគន្លឹះ និងជាចំណុចរបត់ដ៏សំខាន់មួយទៀត ក្នុងការឈានទៅពង្រឹងអន្តរកម្មរវាងទីក្រុងម៉ូស្គូ និងសមាគមអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីលៀងសាយភោជន៍ផ្លូវការអបអរសាទរ «ទិវាជាតិរុស្ស៊ី» កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា។
បើតាមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងកម្ពុជា កំពុងឈានចូលដល់ឆ្នាំនៃការអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥៦-២០២៦)។ ក្នុងរយៈពេលប្រាំ ទសវត្សរ៍កន្លងមកនេះ ទីក្រុងម៉ូស្គូ និងភ្នំពេញ បានរួមគ្នាកសាងចំណងមិត្តភាព ការគោរព និងការទុកចិត្តគ្នាទៅវិញទៅមកយ៉ាងរឹងមាំ ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិដោយជោគជ័យ។ លោកបន្តថានយោបាយការបរទេសរបស់រុស្ស៊ីតែងតែផ្តល់សារៈសំខាន់ជាពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
គួរកត់សម្គាល់ថាកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបើកផ្លូវ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទាំងលើផ្នែកសន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌រវាងរុស្ស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់៕