Img 1426
Swift cc time

ក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងត្បូងថៃ ដុតបំផ្លាញកសិដ្ឋានសូឡានៅខេត្តប៉ាតានី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃ បានរាយការណ៍ថា នៅព្រឹកព្រលឹមទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងសមត្ថកិច្ចថៃ ទទួលសេចក្តីរាយការណ៍ពីករណីក្រុមជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលបលួចចូលតាមផ្នែកខាងក្រោយនៃទីតាំងការដ្ឋានសាងសង់ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ (Solar Cell) របស់ក្រុមហ៊ុន Gunkul Solar Power Generation ដែលស្ថិតនៅក្នុងស្រុកយ៉ាករិង ខេត្តប៉ាតានី (Pattani)។ ក្រុមជនល្មើសបានធ្វើសកម្មភាពដុតបំផ្លាញទីតាំងស្តុកផ្ទាំងសូឡា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Amarin News ហេតុការណ៍នេះមិនបានបង្កឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ ប៉ុន្តែបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងគម្រោង។

ភ្លាមៗក្រោយកើតហេតុ កម្លាំងកងទ័ពពិសេសថៃបានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ដើម្បីគ្រប់គ្រងស្ថានការណ៍ ព្រមទាំងធ្វើការពិនិត្យទីតាំងកើតហេតុ និងតំបន់ជុំវិញ។

មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចថៃ បាននិងកំពុងបិទខ្ទប់តំបន់នោះដើម្បីធានាសុវត្ថិភាព និងបានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធប្រចាំតំបន់អនុវត្តផែនការប្រឈមហេតុការណ៍បន្ទាន់ ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងប៉ុស្តិ៍ស្ទាក់ចាប់តាមដងផ្លូវសំខាន់ៗ។ កម្លាំងជំនាញក៏បានសម្របសម្រួលជាមួយមន្ត្រីដោះមីន និងពិនិត្យវត្ថុផ្ទុះ (EOD) រួមទាំងអង្គភាពពាក់ព័ន្ធ ដើម្បីបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងតាមប្រមាញ់ខ្លួនក្រុមជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕


Khcct banner

អត្ថបទទាក់ទង