ភ្នំពេញ៖ ក្រសួងអប់រំ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា រៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីមួយ ក្រោមប្រធានបទ «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» សម្រាប់សិស្ស និងនិស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សា និងឧត្តមសិក្សាទាំងសាធារណៈ និងឯកជន នៅទូទាំងរាជធានី និងខេត្ត។
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងអប់រំ ការរៀបចំនេះ ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យសុខភាពសាធារណៈ និងផលប៉ះពាល់អវិជ្ជមាននានាដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង ។ លក្ខខណ្ឌនៃការផលិតវីដេអូ បេក្ខជន ឬក្រុមបេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួត ត្រូវផលិតវីដេអូអប់រំដែលមានប្រវែងរយៈពេលចាប់ពី ៩០ ទៅ ១២០ វិនាទី ដោយខ្លឹមសារត្រូវឆ្លើយតបទៅនឹងគោលបំណងនៃប្រធានបទ មានរូបភាព និងសំឡេងច្បាស់ល្អ ព្រមទាំងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បន្ថែមពីនេះ រាល់ស្នាដៃវីដេអូទាំងអស់ត្រូវតែឆ្លងកាត់ការវាយតម្លៃ និងការអនុញ្ញាតពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាមីជាមុនសិន ទើបបេក្ខជនអាចយកទៅបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញព័ត៌មានសង្គមផ្លូវការ ដូចជា ហ្វេសប៊ុក ទំព័រយូធូប ឬទម្រង់ផ្សេងៗទៀតបាន។
កម្មវិធីប្រកួតប្រជែងនេះបានត្រៀមថវិការង្វាន់យ៉ាងច្រើន ដើម្បីលើកទឹកចិត្តដល់បេក្ខជនឆ្នើម ដោយក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ចំនួន ៣,២០០,០០០ រៀល ជ័យលាភីលេខ ២ ទទួលបាន ២,៤០០,០០០ រៀល និងជ័យលាភីលេខ ៣ ទទួលបាន ១,៦០០,០០០ រៀល ព្រមទាំងមានប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់បេក្ខជនចំនួន ២ នាក់ផ្សេងទៀតផងដែរ ដែលក្នុងម្នាក់ ចំនួន ៤០០,០០០ រៀល។
ស្នាដៃវីដេអូដែលបានផលិតរួចរាល់ ត្រូវបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា (តាមរយៈនាយកដ្ឋានសុខភាពសិក្សា) ឱ្យបានមុនដាច់ខែកក្កដា ឆ្នាំ២០២៦ ជាកំណត់ ដើម្បីឱ្យគណៈកម្មការធ្វើការពិនិត្យ និងវាយតម្លៃជ្រើសរើសរកជ័យលាភីថ្នាក់ជាតិ។ សាលារៀន ឬសិស្ស-និស្សិតដែលមានបំណងចូលរួម អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬរាយការណ៍តាមរយៈលេខទូរសព្ទ៖ 016 47 95 25, 088 29 73 23 ឬ 092 85 33 39៕