Img 1426
Swift cc time

កម្ពុជាមើលឃើញបច្ចេកវិទ្យាចិនជាកត្តាជំរុញដ៏សំខាន់នៃការផ្លាស់ប្តូរឌីជីថល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាក្រសួងព័ត៌បានគូសបញ្ជាក់ប្រាប់ក្រុមហ៊ុនមនុស្សយន្តឈានមុខគេមួយរបស់ប្រទេសចិនថា កម្ពុជាមើលឃើញការរីកចម្រើនរបស់ប្រទេសចិនក្នុងវិស័យមនុស្សយន្ត បញ្ញាសិប្បនិម្មិត (AI) និងការផលិតឆ្លាតវៃជាកាតាលីករដ៏មានសក្តានុពលសម្រាប់ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនកាន់តែស៊ីជម្រៅ។

ក្នុងដំណើរទៅទស្សនាក្រុមហ៊ុន SIASUN Robot & Automation Co., Ltd. ដែលជាក្រុមហ៊ុនផលិតមនុស្សយន្តធំជាងគេមួយរបស់ប្រទេសចិន ដែលមានជំនាញខាងការផលិតឌីជីថលទំនើប និងដំណោះស្រាយស្វ័យប្រវត្តិកម្មឆ្លាតវៃ។ លោក ប្រាក់ ថាវ អមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចការអន្តរជាតិ បានមានប្រសាសន៍ថា បច្ចេកវិទ្យាដែលបានបង្ហាញនៅក្រុមហ៊ុននេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ជោគជ័យរបស់ប្រទេសចិនពីការផលិតបែបប្រពៃណីទៅជាផលិតកម្មឆ្លាតវៃដែលជំរុញដោយនវានុវត្តន៍ ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប។ លោកបានមានប្រសាសន៍ថា “ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមិនត្រឹមតែមនុស្សយន្តខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរួមបញ្ចូលគ្នានៃមនុស្សយន្ត បញ្ញាសិប្បនិម្មិត ឧបករណ៍ចាប់សញ្ញា ទិន្នន័យ និងខ្សែផលិតកម្មទាំងមូលផងដែរ”។

លោកបានកត់សម្គាល់ថា ការធ្វើសមាហរណកម្មបែបនេះអាចបង្កើនប្រសិទ្ធភាព កាត់បន្ថយការងារដដែលៗ បង្កើនសុវត្ថិភាពកន្លែងធ្វើការ និងពង្រឹងគុណភាពផលិតផល ហើយសមិទ្ធផលបច្ចេកវិទ្យារបស់ប្រទេសចិនផ្តល់នូវមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសអាស៊ាន រួមទាំងកម្ពុជា។

បើតាមលោក អមិដា បច្ចេកវិទ្យាគួរតែត្រូវបានចាត់ទុកថាជាឧបករណ៍មួយដើម្បីបង្កើនសមត្ថភាពជំនួសកម្មករ ហើយនវានុវត្តន៍អាចជួយបង្កើនផលិតភាព និងបង្កើតឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ច លោកបន្តទៀតថាការសិក្សាពីបទពិសោធន៍របស់ប្រទេសចិនក្នុងវិស័យផលិតកម្មឆ្លាតវៃ និងបច្ចេកវិទ្យាថ្មីៗអាចគាំទ្រដល់ចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការកសាងសង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

លោកបានចាត់ទុក ដំណើរទស្សនកិច្ចនេះផ្តល់នូវការយល់ដឹងមិនត្រឹមតែអំពីវឌ្ឍនភាពបច្ចេកវិទ្យារបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងអាស៊ាន-ចិន ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ និងប្រកបដោយចីរភាព។

គួរកត់សម្គាល់ថាក្រុមហ៊ុន SIASUN ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០០០ និងមានទំនាក់ទំនងជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenyang ខេត្ត Liaoning និងត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុន Shenzhen។ ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មផលិតមនុស្សយន្ត និងឆ្លាតវៃរបស់ប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង